(ប៉េកាំង)៖ កងទ័ពជើងទឹកចិន​បានដឹកនាំ​ការសាកល្បង​នាវាបណ្ដុះបណ្ដាលថ្មីមួយ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ នៅឯកំពង់ផែ​ទីក្រុង Lyushun ស្ថិតនៅ​ភាគឦសានខេត្ត Liaoning ប្រទេសចិន។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរនៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

នាវា Qijiguang មាន​បណ្ដាយ​១៦៣ម៉ែត្រ និងទទឹង​២២ម៉ែត្រ​ជាមួយនឹង​ទម្ងន់​ ៩,០០០តោន​និងអាចរត់​បានក្នុងល្បឿន​អតិបរាមា ២២ knots ​(ខ្នាតល្បឿននាវាស្មើនឹង ៤០.៧គីឡូម៉ែត្រ/ម៉ោង) ហើយដែលវា​គឺជាប្រភេទ​នាវាបណ្ដុះបណ្ដាល​ដ៏ធំ និងទំនើបបំផុតមួយនៃកងទ័ពជើង​ទឹកចិន។ បន្ថែមពីលើនេះនាវា Qijiguang​ អាចមាន​សមត្ថភាពដឹកកងទ័ពជើងទឹក ឬក៏ក្រុមមន្ត្រី​ទទួលការ​បណ្ដុះបណ្ដាលជាង៤០០នាក់​នៅលើ​ផ្ទៃសាគរ ព្រមទំាងអាច​ប្រើប្រាស់ នៅក្នុងប្រតិបត្តិការ​សង្រ្គោះបន្ទាន់ នៅពេលមាន​គ្រោះមហន្ដរាយ​ធម្មជាតិ និងប្រតិបត្តិការ​នានាមិនមែន​យោធាថែមទៀតផង។

គួរបញ្ជាក់​ថា Qijiguang គឺជាឈ្មោះ​មេទ័ពចិនម្នាក់​នៅក្នុងសម័យ​រជ្ជកាលម៉េង Ming (១៣៦៨-១៦៤៤) និង ត្រូវបានប្រជាជន​ចិនចាត់ទុកជាវីរៈបុរស​ដែលបាន ការពារទឹកដី​នៅតំបន់ឆ្នេរភាគ​ខាងកើតប្រទេស ពីការលុកលុយ​របស់ចោរសមុទ្រ​ជប៉ុន នៅអំឡុង​ស.វទី១៦៕