(ឡូសអាន់ជែឡេស)៖ ក្រុមហ៊ុន​អាមេរិក United Parcel Service Inc. (UPS) បានប្រកាស​នៅថ្ងៃអង្គារ​សប្ដាហ៍នេះថា ខ្លួនបាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវយន្ដហោះគ្មានមនុស្សបើក​ឬ Drone ក្នុងការដឹកញ្ជូននៅទីក្រុង Lithian នៃរដ្ឋ Florida។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានក្រុមហ៊ុន UPS បានឱ្យដឹងថា ការសាកល្បងយន្ដហោះ Drone នេះ ត្រូវបាន​ធ្វើឡើងប្រកបដោយ​ជោគជ័យ​បន្ទាប់ពីវា​បានប្រគល់​កញ្ចប់ទំនិញដោយ​ស្វ័យប្រវត្តិ​ដល់ផ្ទះមួយកន្លែង​មុននឹងត្រឡប់មកកាន់​ទីតាំងដើមវិញ។ «ការ​ធ្វើ​តេស្ដ Drone​ នៅពេលនេះ​ធ្វើឡើង ខុសពី​ការធ្វើតេស្ដ​របស់យើងមុនៗ ពោលគឺការសាកល្បងនេះ​មានគោលបំណង​នៅថ្ងៃអានាគត គឺដើម្បីផ្ដល់​ភាពងាយស្រួល​ដល់ការដឹក ឬប្រគល់ទំនិញ​ជាពិសេសនៅតាម​តំបន់ជនបទជាទី ដែល​ការប្រគល់​ទំនិញជាញឹកញាប់ ត្រូវធ្វើឡើង​ដោយរថយន្ដដឹក​ជញ្ជូន និងចំណាយ​ពេលបើកបរ​រាប់រយគីឡូម៉ែត្រ»។ នេះបើតាមសេចក្ដីថ្លែង​ប្រកាសព័ត៌មាន​ក្រុមហ៊ុន UPS។

គួរបញ្ជាក់ថា​បើតាមក្រុមហ៊ុន United Parcel Service Inc ការប្រើប្រាស់ Drone​ ក្នុងការដឹកជញ្ជូន អាចជួយសន្សំ​សម្ចៃប្រាក់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕