(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបានចេញរបាយការណ៍ថ្មីក្តៅៗបន្ថែមទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម​លើ​លោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយក្នុងនោះគេបាន​កំណត់ជនសង្ស័យបន្ថែមពីររូបទៀត ដោយម្នាក់ធ្វើការនៅស្ថានទូត​កូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ និងម្នាក់ទៀតធ្វើការនៅអាកាសចរណ៍កូរ៉េខាងជើង​តែម្តង ខណៈជនសង្ស័យទាំងពីររូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ ហើយក៏ត្រូវបាន​កោះហៅទៅសាកសួរផងដែរ។ នេះបើតាមការ​ដកស្រង់​ព័ត៌មានពី Channel News Asia ចេញផ្សាយនៅ​មុននេះបន្តិចនាព្រឹក​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រៅពីជនសង្ស័យទាំងពីរនាក់ខាងលើនៅមាន ជនសង្ស័យដែលជាជនជាតិកូរ៉េខាងជើង​បួននាក់​ផ្សេងទៀត​ ដែលត្រូវបានគេ​ជឿជាក់ថា​​​បាន​ភៀស​ខ្លួន​ទៅដល់​ទីក្រុងព្យុងយ៉ាង​វិញ​ហើយ​ ខណៈមកទល់​ពេលនេះអាជ្ញាធរ​ម៉ាឡេស៊ី​បានឃុំខ្លួន​ជនសង្ស័យ​​បីនាក់​​​រួមមាន​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់,​ ស្ត្រីកាន់​លិខិតឆ្លងដែន​​វៀតណាម​ម្នាក់​ដែលត្រូវបានគេ​កំណត់អត្តសញ្ញាណ​ថា​មានឈ្មោះ Doan Thi Huoung, និង ស្រ្តី​ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​​ឈ្មោះ Siti Aisyah។

គួរបញ្ជាក់ថា​លោក គីម ជុងណាំ ដែលជា​កូន​ប្រុសច្បងរបស់​​អតីតមេដឹកនាំ​កូ​រ៉េខាងជើង​​លោក គីម ជុងអ៊ីល ត្រូវបាន​ស្រ្តីពីរ​នាក់​ក្រោមការ​​បង្គាប់​បញ្ជា​របស់ភ្នាក់ងារចារ​កិច្ចកូរ៉េខាងជើង ​លួចធ្វើឃាតនៅឯអាកាស​យានដ្ឋាន​​អន្តរជាតិក្នុងរដ្ឋធានីគូឡាឡាំពួរ​នៃប្រទេស​ម៉ាឡេស៊ី ​នៅ​ពេលដែល​រូបលោកត្រៀម​ធ្វើដំណើរទៅកាន់​ទីក្រុងម៉ាកាវ​ប្រទេសចិន។ ហើយនា​​ពេលកន្លង​មកលោក គីម ធ្លាប់បាន​​ចេញ​​និយាយ​​ជា​​​សាធារណៈ​​ប្រឆាំង​នឹងរបបដឹកនាំ​របស់ត្រកូល​​គ្រួសាររបស់​លោក​នៅប្រទេស​កូរ៉េខាងជើង​​ផងដែរ។ នេះបើយោងតាមអ្វីដែលមានបញ្ជាក់ ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពី​ថ្ងៃអង្គារសប្តាហ៍នេះ៕