(មូស្គូ)៖ ទីក្រុងប៉េកាំង​បានឈានដល់កិច្ចសន្យា​ទិញ មីស៊ីលប្រឆាំងនាវា​ក៏ដូចជាបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទិញ​មីស៊ីល S-400 និងយន្ដហោះ​ចម្បាំង Su-35​ ពីរុស្ស៊ី ខណៈមហាយក្សឥណ្ឌា​ដែលជាគូប្រជែង​ដ៏ធំរបស់ចិន​នៅក្នុងតំបន់ ក៏មាន​បំណង​ទិញមីស៊ីល S-400 ពីទីក្រុងមូស្គូ​ផងដែរ​កាលពីឆ្នាំ២០១៦ ហើយដែល​កិច្ចព្រៀងព្រមទិញ​មានតម្លៃជាង​៥.៨ពាន់​លាន​ដុល្លារនេះ គួរតែនឹងអាចត្រូវចុះហត្ថលេខាជាផ្លូវការ​នៅចុងឆ្នាំ២០១៧​នេះ។ នេះបើតាមការ​ចេញផ្សាយ ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

​ថ្លែងនៅក្នុង​សុន្ទរកថាមួយ​នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការពារ​ជាតិរុស្ស៊ី លោក​ Sergey Shoygu បានកត់​សម្គាល់​ដូច្នេះថា «កិច្ចសហ​ប្រតិបត្តិការ​យោធា និងបច្ចេកទេស​រវាងចិននិងរុស្ស៊ី​បានយ៉ាង​រីកចំរើនគួរឱ្យកត់​សម្គាល់។ យើងបាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពីការលក់​ប្រព័ន្ធមីស៊ីល S-400 យន្ដហោះ​ចម្បាំង Su-35 និងមីស៊ីល​ប្រឆាំងនាវា»

គួរបញ្ជាក់ថា​ទីក្រុងប៉េកាំង កាលពី​ខែមេសា ឆ្នាំ២០១៥ បានឈានដល់កិច្ចព្រមព្រៀង​ជាមួយទីក្រុងមូស្គូ ដើម្បីទិញ S-400 Triumph ក្នុងតម្លៃជិត២,៨លានអឺរ៉ូ ​ស្មើនឹង២,៩ពាន់ដុល្លារអាមេរិក ហើយ​នឹងចាប់ផ្ដើម​ប្រគល់ឱ្យចិន​នៅឆ្នាំ២០១៧នេះ៕