(ព្យុងយ៉ាង)៖ រហូតមកទល់ពេលនេះ ចម្លើយនៅមិនទាន់រកឃើញនៅឡើយចំពោះអាថ៌កំបាំង ជុំវិញការស្លាប់របស់លោក គីម ជុងណាំ កូនប្រុសច្បង របស់អតីតមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៉ិល នៅអាកាសយាន្តដ្ឋានអន្តរជាតិកូឡាឡាំពួរ កាលពីសប្តាហ៍មុន។

សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់សំដីប៉ូលីសដែលបានបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានគេលបឆ្មក់ពីក្រោយ ហើយបាញ់ស្ប្រ៉ាយ ដែលមានសារធាតុពុលម្យ៉ាង ទៅលើមុខធ្វើឱ្យលោកមានអារម្មណ៍វិលមុខ។ លោកបានស្លាប់ក្នុងរថយន្តសង្គ្រោះបន្ទាន់ ខណៈធ្វើដំណើរតាមផ្លូវ ទៅកាន់មន្ទីរពេទ្យ។

ពាក់ព័ន្ធករណីនេះ កូរ៉េខាងត្បូង បានចាត់ទុកថាជា «សកម្មភាពភេរវកម្ម» ដោយមានរដ្ឋាភិបាលកូរ៉េខាងជើងនៅពីក្រោយខ្នង។ យ៉ាងហោចណាស់ ជនជាតិកូរ៉េខាងជើងប្រាំនាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយប៉ូលីសម៉ាឡេស៊ី។

ប៉ុន្តែហេតុអ្វីបានជាមានការលើកឡើងថា មេដឹកនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាង មានបំណងធ្វើឃាតសមាជិក នៃវង្សត្រកូលរបស់ខ្លួនបែបនេះ? វាពិបាកណាស់ ក្នុងការស្វែងរកការពិត ប៉ុន្តែអ្នកវិភាគបានបញ្ជាក់ថា ភាពវិវាទគ្នារវាងបងប្អូន ការស្នងដំណែង និងទំនាក់ទំនងក្នុងភាពជាសម្ព័ន្ធមិត្ត ជាមួយប្រទេសចិន អាចជាហេតុផលសំខាន់សម្រាប់លោក គីម ជុងអ៊ុន ឈានទៅរកការសម្លាប់បងប្រុសបង្កើតរបស់ខ្លួន។ តើរឿងនេះក្លាយជាហេតុផល ដោយរបៀបណា?

* វិវាទគ្នាក្នុងភាពជាបងប្អូន៖

ខណៈដែលលោក គីម ជុងអ៊ុន ចាប់កំណើតជាពេលដែលលោក គីម ជុងណាំ កំពុងសិក្សានៅក្រៅប្រទេស ហើយម្តាយរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចាត់ទុកថា កូន និងភរិយាទីមួយ របស់លោក គីម ជុងអិល ជាសត្រូវរបស់ខ្លួន វាជាហេតុធ្វើឱ្យបងប្អូនរួមឪពុកទាំងពីរ មិនមានភាពស្និទស្នាលគ្នា ទាល់តែសោះ។

ជាការពិត យោងការលើកឡើងរបស់លោក Gomi បងប្អូនទាំងពីរមិនធ្លាប់បានជួបគ្នានោះឡើយ។ យ៉ាងនេះក្តី លោក គីម ជុងណាំ តែងតែធ្វើការរិះគន់ ដោយបើកចំហទៅលើប្អូនរប្រុសបស់លោក ដោយលើកឡើងថា លោក គីម ជុងអ៊ុន ជាមនុស្សទន់ខ្សោយគ្មានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសឡើយ និងជាអាយ៉ងរបស់មេដឹកនាំមុនៗថែមទៀតផង។

ការរិះគន់ទាំងនេះ មិនបានទាញទម្លាក់មេដឹកនាំព្យុងយ៉ាងឡើយ ផ្ទុយទៅវិញលោក គីម ជុងអ៊ុន តែងតែបង្ហាញប្រតិកម្មខឹងសម្បា និងរក្សាជំហរតទល់ នឹងសត្រូវរបស់ខ្លួន។ មេដឹកនាំផ្តាច់ការរូបនេះ អាចសូម្បីសម្លាប់ពូបង្កើត និងមន្ត្រីជំនិតៗជុំវិញខ្លួនគ្រប់រូប ដែលហ៊ានប្រឆាំងជំហររបស់លោក។ ហេតុនេះអាចទេ ដែលលោក គីម ជុងអ៊ុន សម្លាប់បងប្រុសរបស់ខ្លួន ដើម្បីបោសសម្អាតកំទេចក្នុងកែវភ្នែកដូចហេតុផលខាងលើនោះ?

* ដើម្បីបង្ហាញការប្រឆាំងចំពោះចិន?

ប្រទេស ចិន គឺជាសម្ព័ន្ធមិត្តជិតស្និតជាងគេ និងតែមួយគត់របស់ប្រទេស កូរ៉េខាងជើង ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានទៅរកភាព ល្អក់កករបន្តិចម្តងៗ បន្ទាប់ពីកូរ៉េខាងជើង ហ៊ានបំពានទំនាក់ទំនងនេះ ដោយការព្យាយាមជម្រុញកម្មវិធីនុយក្លេអ៊ែរ ដែលផ្ទុយពីបំណងរបស់ចិន។

និយាយលោក គីម ជុងណាំ បន្ទាប់ពីព្យាយាមប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់ជាច្រើនលើកច្រើនសារដើម្បីលួចធ្វើដំណើរទៅកាន់ប្រទេស ជប៉ុននោះ បានបង្កភាពអាម៉ាសជាខ្លាំងដល់ប្រទេស កូរ៉េខាងជើង ហើយបាត់បង់ឱកាសក្នុងការបន្តវេនពីឪពុកដើម្បីក្លាយជាមេដឹកនាំ។ ក្រោយមកលោកបាននិរទេសន៍ ខ្លួនរស់នៅលើដែនដីម៉ាកាវក្រោមការគ្រប់គ្រងរបស់ចិន ក្បែរទីក្រុងហុងកុង។ ចាប់ពីពេលនោះមកលោកចាប់ផ្តើមមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលក្រុង ប៉េកាំង។

លោកក៏ជាមនុស្សម្នាក់ដែលបានតស៊ូមតិជាច្រើនឆ្នាំ ដើម្បីអូសទាញកូរ៉េខាងជើង ឲ្យក្លាយជាប្រទេសបើកចំហ និងដើរតាមគន្លងរបស់ចិន។ ជាអកុសល មេដឹកនាំរដ្ឋាភិបាលក្រុង ព្យុងយ៉ាង មិនចូលចិត្តទុកអ្នកណាម្នាក់ ដែលមានបំណងចង់ធ្វើកំណែទម្រង់ប្រទេស និងបង្ហាញភាពលំអៀងទៅចិនឡើយ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ផ្តើមមានគំលាត។

គួររំលឹកផងដែរ លោក ចាង សុងថែង ជាបុរសដ៏មានឥទ្ធិពលទីពីរប្រចាំប្រទេសកូរ៉េខាងជើង បន្ទាប់ពីការស្លាប់របស់អតីតមេដឹកនាំ គីម ជុងអ៉ិល ក្នុងឆ្នាំ២០១១ ព្រមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយប្រទេស ចិន និងជាពូរបស់លោក គីម ជុងណាំ ត្រូវបានគេបាញ់សម្លាប់ក្នុងឆ្នាំ២០១៣ ក្រោមបញ្ជារបស់លោក គីម ជុងអ៊ុន ដែលបញ្ហានេះក៏បានធ្វើចិន បាត់បង់ទំនុកចិត្តខ្ពស់ទៅលើប្រទេសកូរ៉េខាងជើងផងដែរ។

ថ្មីៗនេះ ចិនដែលធ្លាប់តែជាប្រទេសតែមួយគត់ ដែលតែងតែប្រឆាំងការដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើងនោះ បែរក្លាយជាប្រទេសមួយ ដែលបង្ហាញការ គាំទ្រក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មទៅលើ អតីតសម្ព័ន្ធមិត្តខ្លួនទៅវិញ។ ចិន បានសម្រេចគាំទ្រការដាក់ទណ្ឌកម្ម របស់អង្គការប្រជាជាតិ ដើម្បីហាមឃាត់ការនាំចេញធ្យូងថ្មពីប្រទេស កូរ៉េខាងជើង អាចជាសញ្ញាឈានទៅរកការមើលមុខគ្នាមិនចំ រវាងរដ្ឋាភិបាលក្រុង ប៉េកាំង និងព្យុងយ៉ាង។

នេះក៏អាចជាហេតុផលដែលលោក គីម ជុងណាំ ត្រូវស្លាប់ក្រោមបញ្ជារបស់មេដឹកនាំកូរ៉េខាងជើងផងដែរ ដោយសារលោកជាមនុស្សផ្អៀងទៅរកចិន ខណៈដែលចិន ចាប់ផ្តើមក្លាយជាសត្រូវរបស់កូរ៉េខាងជើង។

* ដើម្បីបញ្ចប់ការគំរាមកំហែងលើការស្នងដំណែង?

បន្ទាប់ពីលោក គីម ជុងអ៉ិល បោះបង់ម្តាយរបស់លោក គីម ជុងណាំ ដោយទៅជ្រើសរើសស្ត្រីម្នាក់ទៀតជាអ្នករាំ គឺលោកស្រី Ko Yong Hui (ម្តាយលោក គីម ជុងអ៊ុន) ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ វាធ្វើឱ្យលោក គីម ជុងណាំ មានគូសត្រូវដ៏សំខាន់ម្នាក់គឺប្អូនប្រុសរបស់លោកក្នុងកិច្ចការស្នងដំណែង (សូមជម្រាបថា ប្រុសកណ្តាលនៃវង្សត្រកូលនេះ គឺលោក គីម ជុងឈូល ត្រូវបានដកចេញពីការស្នងដំណែង ដោយហេតុផលនុយក្លេអ៊ែរ និងមិនមានភាពរឹងមាំក្នុងការ ធ្វើជាមេដឹកនាំប្រទេសផ្តាច់ការមួយនេះ)។

យ៉ាងនេះក្តី លោក គីម ជុងអ៊ុន អាចក្តោបក្តាប់អំណាចបានយ៉ាងរលូន ជាងការពឹងទុក ហើយលោកព្យាយាមការពារអំណាចរបស់ខ្លួន តាមរយៈយុទ្ធនាការ យ៉ាងឃោឃៅ ដោយការបោសសម្អាត និងសម្លាប់មនុស្សដែលចង់ផ្តួលលោក។ តាមរយៈអ្នកវិភាគកូរ៉េខាងត្បូង បានបញ្ជាក់កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ នេះបានឱ្យដឹងថា រហូតមកទល់ពេលនេះ លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យសម្លាប់មនុស្សចំនួន៣៤០នាក់ហើយ ចាប់តាំងពីឡើងកាន់អំណាចឆ្នាំ២០១១។

បើទោះបីជាលោក គីម ជុងណាំ ហាក់ខ្វះធនធានដើម្បីប្រកួតប្រជែងដណ្តើមអំណាច យ៉ាងហោចណាស់វីរៈជនកូរ៉េខាងជើងជំនាន់មុនៗបានលើកឡើងថា លោកជាមនុស្សម្នាក់ដែលសាកសមជាអ្នកស្នងដំណែងម្នាក់។ វាអាចជួយដល់លោក គីម ជុងណាំ ក្នុងការមានអំណាចខ្លះ ដើម្បីធ្វើជាដៃគូប្រកួតប្រជែង នយោបាយជាមួយប្អូនប្រុសឪពុករួមរបស់លោក។ តែអ្វីដែលនៅជាចម្ងល់នៅឡើយនោះគឺ តើលោក គីម ជុងណាំ មានបំណងចង់ធ្វើជាអ្នកស្នង ដំណែងពីឪពុករបស់លោកដែរឬទេ?

លោក Lee Cheol-woo សមាជិកសភាកូរ៉េខាងត្បូង បានលើកឡើងដោយផ្អែកលើទិន្នន័យរបស់ភ្នាក់ងារស៊ើបការណ៍ថា មេដឹកនាំរដ្ឋាភិបាលក្រុង ព្យុងយ៉ាង មានបំណងចង់សម្លាប់លោក គីម ជុងណាំ ៥ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលជាប់ពន្ធធនាគារពីបទធ្វើចារកម្មកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១២ ក៏បានលើកឡើងផងដែរថា លោកត្រូវបានបញ្ជាឱ្យសម្លាប់លោក គីម ជុងណាំ។

ជាងនេះទៅទៀតនោះ សមាជិកសភាកូរ៉េខាងត្បូងមួយរូបទៀត គឺលោក Kim Byung-kee បានបញ្ជាក់ថា លោក គីម ជុងណាំ ធ្លាប់បានសរសេរ លិខិតមួយទៅកាន់ប្អូនប្រុសរបស់ខ្លួនក្នុងឆ្នាំ២០១២ ស្នើសុំដោះលែងជីវិតលោក និងក្រុមគ្រួសារ។ ហើយបើយោងតាមសារព័ត៌មាន South China Morning Post មិត្តម្នាក់បានលើកឡើងនូវសំដីរបស់លោក គីម ជុងណាំ ថា រាល់ថ្ងៃលោកមានអារម្មណ៍ថា ដូចជារស់នៅដោយខ្ចីពេលវេលានរណាម្នាក់ចឹង ដោយសារលោកមានមនុស្សតាមប្រម៉ាញ់លោកជាប់ជានិច្ច។ ហេតុផលខាងលើអាចបញ្ជាក់ថា លោក គីម ជុងអ៊ុន អាចនៅពីក្រោយខ្នងនៃការ សម្លាប់បងប្រុសឪពុករួមរបស់លោក៕ បកប្រែ និងសម្រួលដោយ៖អ៊ឹត ចណ្ណា