(​យូអិន)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា (UNICEF) បានចេញសេចក្តីព្រមានថា កុមារជិត ១,៤លាននាក់ នៅក្នុងប្រទេស នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងយេមែន អាចនឹងបាត់បង់ជីវិតដោយសារតែ គ្រោះអត់ឃ្លាន នៅក្នុងឆ្នាំ២០១៧នេះ។ បើតាមការចេញផ្សាយដោយសារ ព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមអង្គការ UNICEF​​ កុមារនៅប្រទេសយេមែន ៤៦២,០០០នាក់ កំពុងប្រឈមមុខធ្ងន់ធ្ងរនឹងកង្វះអាហារូបត្ថម្ភ និងកុមារ៤៥០,០០០នាក់ នៅភាគ ខាងជើងប្រទេសនីហ្សេរីយ៉ា។ ដោយឡែកនៅឯប្រទេសសូម៉ាលី កុមារជាង ១៨៥,០០០នាក់ ក៏កំពុងជួបនឹងវិបត្តិដូចគ្នានេះដែរ ហើយចំនួនកុមាររងគ្រោះ ដោយសារគ្រោះអត់ឃ្លាន អាចនឹងកើន ដល់២៧០,០០០នាក់ នៅប៉ុន្មានខែខាងមុខនេះ​ ខណៈកុមារនៅស៊ូដង់ខាងត្បូង ២៧០,០០០នាក់ កំពុងរស់នៅ ក្រោមកង្វះអាហារូបបត្ថម្ភធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អង្គការ UNICEF ​ក៏បានអំពាវនាវផងដែរ ឱ្យសហគមន៍អន្តរជាតិទាំងមូល ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយសង្រ្គោះកុមារទំាងនេះ៕