(ប៉េកាំង)៖ លោក Yang Dongliang អតីតប្រធាន​រដ្ឋបាលសុវត្ថិភាព​ការងារ​របស់​ប្រទេសចិន ត្រូវបាន​តុលាការ​​សម្រេច​ទោសដាក់​ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ ពីបទប្រព្រឹត្ត​អំពើពុករលួយ ដោយការ​ស៊ីសំណូក និងក្លែងបន្លំ​ថវិកាជាតិ ហើយ​លោកក៏បានទទួល​យកនូវការចោទ​ប្រកាន់ទាំងអស់ និងមិនធ្វើ​ការប្តឹង​ឧទ្ធរណ៍​នោះដែរ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នាល្ងាច​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តី​សម្រេចរបស់​តុលាការ​ទីក្រុងប៉េកាំង ចាប់តាំងពី​ឆ្នាំ២០០២ ដល់ឆ្នាំ​២០១៥ លោក Yang ដែលធ្លាប់​ជាអភិបាលរង​ទីក្រុងធានជិន និងជាសមាជិក​នៃគណកម្មាធិការ​មជ្ឈិមបក្សកុម្មុយ​និស្តចិន​ប្រចាំទីក្រុង​ធានជិន ព្រមទាំងជា​ប្រធានរដ្ឋបាលសុវត្ថិភាពការងារ​ផងដែរនោះ បានជួយ​ដល់អ្នក​រកស៊ី​ពាណិជ្ជកម្មជាច្រើន​ក្នុងការដោះស្រាយបញ្ហា និងសម្រួល​រឿងរ៉ាវនានា ដើម្បីទទួល​បានការតបស្នង​មកវិញនូវ​ទឹកប្រាក់សរុប ២៨.៥លានយ័ន​ស្មើនឹង ៤.១លានដុល្លារ​អាមេរិក៕