(គូឡាឡាំពួរ)៖ ចំពោះសេចក្តីរាយការណ៍​ព័ត៌មាន​ដែលថា​លោក គីម ជុងណាំ បានបាត់បង់​ជីវិតដោយ​សារការ​គាំងបេះដូង​នោះ​គឺជារឿង​មិន​ពិត​នោះឡើយ ដោយអាជ្ញាធរ​ម៉ាឡេស៊ីបាន​ចេញមុខអះអាង​នៅថ្ងៃអង្គារនេះថា ពុំមានភស្តុតាង​ណាមួយបញ្ជាក់​ពីករណីគាំង​បេះដូង ឬមួយ​ក៏ស្នាម​ក៏ដូចជារបួស​ត្រូវបានគេចាក់​នៅលើខ្លួនសាកសព​របស់លោក គីម បន្ទាប់ពីត្រូវ​បានគេលួចធ្វើឃាត​នៅឯអាកាសយានដ្ឋាន​​នៃទីក្រុង​​គូឡាឡាំពួរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Straits Times នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជា​ប្រធានមន្ទីរ​សុខាភិបាល​នៃប្រទេស​ម៉ាឡេស៊ី​បានឲ្យដឹងដែ​រថា អាជ្ញាធរ​កំពុងរង់​ចាំលទ្ធ​ផល​ធ្វើតេស្ត​ពីមន្ទីរ​ពិសោធន៍​ដើម្បីទទួល​បានមូលហេតុ​ពិតប្រាកដ​នៅពីក្រោយ​ការស្លាប់​ដ៏អាថ៌កំបាំង​របស់លោក គីម ជុងណាំ។ លោក Hisham បានថ្លែង​បន្ថែមទៀតថា​​ ការធ្វើកោសល្យ​វិច័យ​លើកទីមួយ​ត្រូវបានធ្វើឡើង​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ពោល​គឺ​រយៈ​ពេល​ពីរ​​ថ្ងៃ​​បន្ទាប់​ពី​​លោក គីម បានបាត់​បង់ជីវិត​នៅតាមផ្លូវបញ្ជូន​ពីព្រលានយន្តហោះ​អន្តរជាតិគូឡាឡាំពួរ​ទៅកាន់​មន្ទីរពេទ្យ ខណៈការ​ធ្វើកោសល្យវិច័យ​​លើក​ទីពីរមិនទាន់​ចប់រួចរាល់​នៅឡើយ ហើយ​​តាម​​​ពិត​​​ទៅ​​ការ​​កំណត់​អត្តសញ្ញាណ​​ជាផ្លូវការទៅ​លើសាកសព​ក៏ពុំបានប្រព្រឹត្ត​ទៅផងដែរ​ ដោយ​សារ​តែពុំមាន​កូនចៅណាម្នាក់​របស់ជនរងគ្រោះ​បានមកបង្ហាញខ្លួន​នោះឡើយ។

គួរបញ្ជាក់ដែរថាយោង​តាមខ្សែវីដេអូដែល​ត្រូវបានផ្សព្វផ្សាយ​នាថ្ងៃចន្ទសប្តាហ៍នេះ ស្រ្តីជាជន​បរទេសចំនួនពីរ​នាក់ដោយ​ម្នាក់​ក្នុងចំណោម​នោះត្រូ​វបានជឿជាក់ថា​បានបាញ់សារធាតុពុល​ទៅលើផ្ទៃមុខ​របស់ លោក គីម ជុងណាំ៕