(​វ៉ាស៊ីនតោន)៖ ក្រុមសកម្មជន​ប្រឆាំងនឹង​លោក ដូណាល់ ត្រាំ រាប់ពាន់នាក់​បានប្រមូលផ្ដុំគ្នា​ធ្វើបាតុកម្មតវ៉ា នៅទូទំាង​សហរដ្ឋអាមេរិក​ក្នុងក្បួនតវ៉ាជាច្រើន​ក្រោមពាក្យ​ស្លាក «មិនមែនជាទិវា​ប្រធានាធិបតី​របស់ខ្ញុំ» ហើយដែល​ការតវ៉ានេះ​ធ្វើឡើងនៅក្នុងថ្ងៃ​ប្រារព្ធ​ខួបកំណើត អតីតប្រធានាធិបតី​អាមេរិក លោក ចច វ៉ាស៊ីនតោន ឬហៅថា «ទិវាប្រធានាធិបតី​របស់ខ្ញុំ»។ នេះបើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today​ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ការតវ៉ានេះ​ធ្វើឡើង​នៅ​ថ្ងៃចន្ទ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក) នៅតាមទីក្រុង​ចំនួន២៩​ដោយ​ក្រុមបាតុករ​ទំាងអស់​បាននាំគ្នាសរសេរ​នៅលើ​ផ្ទំាងបដា និងស្រែក​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ ព្រមទំាង​នយោបាយ​របស់លោក​ពាក់ព័ន្ធ​នឹងសិទ្ធិស្រ្តី ជនភៀសខ្លួន និងបម្រែបម្រួល​អាកាសធាតុ ។ ពោលបើ​និយាយឱ្យចំរហូត​មកទល់​នឹងពេលនេះ ពួកគេនៅ​មិនទាន់ទទួល​ស្គាល់​លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក របស់ពួកគេនៅឡើយទេ។

គួរបញ្ជាក់ថា​បាតុកម្មតវ៉ាខាងលើ បានធ្វើឡើង​នៅតាមទីក្រុង​ចំនួន២៩ នៃសហរដ្ឋអាមេរិក ក្នុងនោះមាន​ដូចជា ទីក្រុងញូយ៉ក ឈីកាហ្គោ ឡូសអាន់ជែលឡែស វ៉ាស៊ីនតោនឌីស៊ី ហ្វីឡា​ឌែលហ្វី អាត្លង់តា និងទីក្រុងផតលែន​ជាដើម។ បន្ថែមពីនេះ​នៅក្នុងទីក្រុងផតលែន ក្រុមបាតុករ​ប្រមាណ ៣០០នាក់ បានប៉ះទង្គិចគ្នាបន្តិចបន្ដួច​ជាមួយនឹងប៉ូលិស បន្ទាប់ពីពួកគេ​មានបំណងបិទផ្លូវ ខណៈប៉ូលិសបានព្រមានថា សកម្មភាពបែបនេះ​នឹងមិនត្រូវបានអនុញ្ញាត​ឡើយ ហើយអ្នកដែល​ចចេសនឹងត្រូវឃាត់ខ្លួន៕