(ប៉េកាំង)៖ សហរដ្ឋអាមេរិក​កំពុងបង្កើត​សម្ព័ន្ធភាពផ្នែកយោធា ជាមួយបណ្តា​ប្រទេសជាច្រើន​ដែលជាអ្នកជិត​ខាង​របស់ចិន ហើយ​កត្តានេះ​ជំរុញកាន់តែ​ខ្លាំង​នូវគោល​គំនិតស្ថិត​ក្នុងចំណោម​ប្រជាជនចិន​ជាច្រើន​ដែលថា សហរដ្ឋអាមេរិក​កំពុងបង្កការ​គំរាមកំហែង​យ៉ាង​ពិតប្រាកដ​មួយចំពោះ​ប្រទេស​របស់ពួកគេ​តាម​រយៈ​វិធីសាស្រ្ត​មិនមែនតែ​មួយរបៀប​នោះឡើយ។ នេះបើតាម​សម្តីរបស់​លោក Andrew K.P. Leung អ្នក​វិភាគ​យុទ្ធសាស្រ្តឯករាជ្យ​មួយរូប​របស់ចិន ដែលត្រូវ​បានដកស្រង់​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិច​នា​រសៀល​​ថ្ងៃ​អង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុងបទ​សម្ភាសន៍មួយ​ជាមួយ​សារព័ត៌មាន RT លោក Andrew Leung បានលើក​ឡើងថា «សហរដ្ឋអាមេរិក​​តែងតែ​​មានវត្តមាន​នៅតំបន់​​អាស៊ី​-ប៉ាស៊ីហ្វិក ហើយមាន​មោទនភាព​ចំពោះខ្លួនឯង​ជានិច្ច​ថា​ ជាមហាអំណាច​ដ៏មាន​ឥទ្ធិពលមួយ​នៅទីនោះ តែអ្វីដែល​ខុសប្លែកពី​មុនឆ្ងាយ​នោះគឺ​អាមេរិក​កំពុងខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​លើវិស័យ​យោធា​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈ​ការបង្កើត​សម្ព័ន្ធភាព​យោធាជាមួយអ្នក​​ជិត​ខាង​ជាច្រើន​របស់ចិន និងការបញ្ជូន​នាវាចម្បាំង​ឲ្យទៅល្បាត​នៅតាមដែន​សមុទ្រ​អន្តរជាតិ ដែលកាន់​តែខិតចូល​ទៅក្បែរប្រជុំកោះ​ និងដែន​ទឹក​​​ជាទីចិនអះអាង​ថា​ជាដែន​អធិបតេយ្យភាព​របស់ខ្លួន»។

លោក Leung បានបន្តទៀតថា​ ហេតុដូច្នេះប្រការនេះ​បានជំរុញ​​បន្ថែមនូវគោល​គំនិត​ដែលថា សហរដ្ឋអាមេរិក​កំពុងពង្រឹង​ការឡោមព័ទ្ធ​ជុំវិញ​ប្រទេស​ចិន ហើយពិត​ណាស់វា​គឺជាបញ្ហាដ៏សំខាន់​បំផុតមួយ​សម្រាប់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។ វាមិនមែន​ពាក់ព័ន្ធ​តែរឿងដែន​អធិបតេយ្យ​ភាព​ប៉ុណ្ណោះទេ ប៉ុន្តែ​តំបន់សមុទ្រ​ចិនខាងត្បូង​និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​មានសារៈសំខាន់​ជាខ្លាំងសម្រាប់​សេដ្ឋកិច្ចក៏ដូចជា​ស្ថិរភាព​​ដឹក​នាំ​​របស់​ចិន​​ផង​ដែរ។

ជាចុងក្រោយ​អ្នកវិភាគរូបនេះ​បាននិយាយថាភាគីទាំងពីរ​គួរតែធ្វើការ​រៀបចំ​ទំនាក់ទំនង​របស់ពួកគេ​ឡើងវិញ ហើយម៉្យាងវិញ​ទៀតក្រៅពី​វិស័យ​យោធា​ប្រទេសទាំងពីរ​មានការជាប់​ពាក់ព័ន្ធ​ជាមួយគ្នា​ទៅវិញទៅ​មកនៅក្នុង​វិស័យជា​ច្រើន​ផ្សេងទៀត ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​​ដោយសហរដ្ឋអាមេរិក​នៅតែបន្ត​ជាទីផ្សារ​ដ៏ធំមួយ​សម្រាប់ចិន ហើយចិន​ក៏នៅតែជាទីផ្សារ​ដ៏ធំមួយ​លើលោក​សម្រាប់អាមេរិក​វិញ​ដូចគ្នា៕