(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរី​នឹងតម្លើងតម្លៃទឹក​៣០ភាគរយទៀត ហើយដែលនេះ​គឺជាការតម្លើងថ្លៃ ជាលើកដំបូង​បំផុត​ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ។ នេះបើតាមរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​សិង្ហបុរី លោក Heng Swee Keat ដកស្រង់​ដោយ​សារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមលោក Heng Swee Keat បូករួមបញ្ចូល​ទាំងពន្ធ តម្លៃទឹកនឹងត្រូវបង្កើនដល់​៣០ភាគរយ ដោយចែកចេញ​ជាពីរដំណាក់​កាល ពោលគឺដំណាក់កាល​ទី១ នឹងចាប់ផ្ដើមពី​ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៧ និងដំណាក់កាល​ទី២នឹងត្រូវធ្វើឡើងនៅថ្ងៃ​ទី០១ ខែកក្កដាឆ្នាំបន្ទាប់ (២០១៨)។ លោកបានបន្ថែមថា «តម្លៃទឹកត្រូវ​បានកែប្រែជា​លើកចុងក្រោយ​កាលពី​ឆ្នាំ២០០០។ ដូច្នេះយើង​គួរតែធ្វើបច្ចុប្បន្នភាព​លើតម្លៃទឹក​របស់យើង ដើម្បីគិតគូរឡើងវិញ​ពីតម្លៃសេវាកម្ម​ផ្គត់ផ្គង់ទឹក»

គួរបញ្ជាក់ថា​ការតម្លើងតម្លៃទឹក​នេះ នឹងស្ថិតនៅ​ក្រោម ២៥ដុល្លារក្នុងមួយខែសម្រាប់បីភាគបួន​នៃសហគ្រាស និង១៨ដុល្លារក្នុង​មួយខែ សម្រាប់បីភាគបួននៃការ ប្រើប្រាស់ទឹក​នៅក្នុងផ្ទះ។ បច្ចុប្បន្នតម្លៃ​របស់ការប្រើប្រាស់​ទឹកស្អាតនៅក្នុង​ប្រទេសិង្ហបុរី​ត្រូវបានកំណត់​ជាថ្នាក់ៗ ដោយ​អាស្រ័យលើ​ថា តើ​ទឹកនោះសម្រាប់​​ប្រើប្រាស់ក្នុងស្រុក ឬមួយក៏​សម្រាប់ការនាំចេញ​ក្រៅស្រុក។ សម្រា​ប់​ប្រជាជន​ដែលជាអ្នកប្រើប្រាស់​​ក្នុងស្រុក​អាចបង់ថ្លៃ​បានពីររបៀប​រួមមាន​ ជម្រើស០.៨៧​ដុល្លារសហរដ្ឋអាមេរិក​ក្នុងមួយម៉ែត្រគុប (ក្រោម៤០ម៉ែត្រគុប) ឬ០.៩៩ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងមួយ​ម៉ែត្រគុប (លើស​៤០​ម៉ែត្រគុប) ដោយ​អាស្រ័យ​​ទៅ​លើ​​កម្រិត​នៃ​ការ​ប្រើប្រាស់៕