(គូឡាឡាំពួរ)៖ អាជ្ញាធរ​ម៉ាឡេស៊ីអាចធ្វើការ​លាតត្រដាង​ឲ្យដឹងអំពី​លទ្ធផល​នៃការធ្វើកោសល្យវិច័យ​ទៅលើ​លោក គីម ជុងណាំ ដែលត្រូវ​ជាបងប្រុស​ម្តាយទីទៃ​របស់ប្រមុខដឹកនាំ​កំពូលផុតលេខ​នៃប្រទេស​កូរ៉េខាងជើង នៅក្នុងថ្ងៃពុធ​សប្តាហ៍នេះ​ហើយ។ នេះបើតាម​ការចេញផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃចន្ទ​ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់ពីត្រូវបានចោទសួរ​ពីសំណាក់​ក្រុមអ្នកសារព័ត៌មាន​ថា​ តើលទ្ធផល​កោសល្យ​វិច័យនឹងត្រូវចេញនា​ពេល​​ណានោះ រដ្ឋមន្រ្តី​​ក្រសួង​សុខា​ភិ​បាល​​នៃប្រទេស​ម៉ាឡេស៊ី​លោក Subramaniam Sathasivam បានឆ្លើយតប​ថា​ លទ្ធផល​​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​​លើ​សាក​សព​​លោក គីម ជុងណាំ អាចនឹង​ហើយសព្វគ្រប់​រួចរាល់​នៅថ្ងៃពុធ​សប្តាហ៍នេះ ដើម្បីបញ្ចប់​ការធ្វើកោសល្យវិច័យ​​ទៅ​លើ​​សាក​សព។ ម៉្យាងវិញ​ទៀតអាជ្ញាធរ​ម៉ាឡេស៊ី​បានផ្តល់​ឱកាសឲ្យ​ក្រុមគ្រួសារ​កូនចៅរបស់​ជនរង​គ្រោះ គីម ជុងណាំ រយៈ​ពេល​ពីរ​​សប្តាហ៍​ដើម្បី​ចេញ​​មុខ​ជួយ​ដល់ការស៊ើបអង្កេត​ជុំវិញ​ករណីឃាតកម្ម​ដ៏កក្រើក​មួយនេះ​ផងដែរ។

គួរបញ្ជាក់ថា​កាលពីថ្ងៃសុក្រ​សប្តាហ៍មុន ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​លោក កាង ចុល បាន​​សង្កត់ធ្ងន់ថា​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នឹង​មិន​ទទួល​​ស្គាល់​​​លទ្ធ​​ផល​​​នៃ​​ការ​​ធ្វើ​​កោសល្យ​វិច័យ​របស់​អាជ្ញាធរ​ម៉ាឡេស៊ីឡើយ ដោយសារតែ​វាត្រូវបានធ្វើ​ឡើង​ដោយគ្មានវត្តមាន​ក៏ដូចជា​ការ​ចូល​រួម​​ពី​​សំណាក់​​​មន្រ្តី​​របស់​​​កូរ៉េ​ខាង​ជើង​ហើយ​លោក កាង បានធ្វើការ​ទាមទារ​ឲ្យម៉ាឡេស៊ី​ប្រគល់​សាកសពលោក គីម ជុងណាំ​ ទៅដល់ដៃ​​កូរ៉េ​ខាង​ជើង​​ជា​បន្ទាន់ ដោយ​​​​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុងគូឡាឡាំពួរ​ថា​ បានព្យាយាម​អូស​បន្លាយពេល និងរៀបចំ​ផែនការ​អាក្រក់​​ដើម្បី​បង្កការគំរាមកំហែង​ដល់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង។

ដោយឡែកបន្ទាប់ពី​ការ​បង្ហាញខ្សែវីដេអូ​​នៃសកម្មភាពធ្វើ​ឃាត​លើ​លោក គីម ជុងណាំ បងប្រុស​​មេដឹកនាំ​កំពូលកូរ៉េខាង​ជើង​​នោះ ក្រសួង​ការ​​បរ​ទេស​​ម៉ាឡេស៊ី​បានកោះហៅ​​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​​ប្រចាំទីក្រុង​គូឡាឡាំពួរ ​ព្រមទាំង​ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី​ប្រចាំនៅ​ទីក្រុងព្យុង​យ៉ាង​​ឲ្យ​​​មកជួបពិភាក្សាគ្នា​ជុំវិញករណី​ឃាតកម្ម​ ​ដែលពិភពលោក​​ទាំងមូលកំពុង​ផ្តោតការយកចិត្ត​ទុកដាក់ខ្លាំង​បំផុតនេះផងដែរ៕