(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីន​កំពុងរៀបចំ​គំរោងអូសទាញ​មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង​មកកាន់​សហរដ្ឋអាមេរិក ដើម្បីចូលអង្គុយ​តុចរចាគ្នា​​ជាមួយ​អតីតមន្រ្តី​អាមេរិក ដែល​ជា​​ជំនួបលើកដំបូង​បំផុតនៅក្នុងរយៈពេលច្រើន​ជាងប្រាំឆ្នាំកន្លង​មកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារ​ព័ត៌​មាន​ Channel News Asia នៅមុននេះ​បន្តិច​នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានស្រង់​សេចក្តីរាយការណ៍​​របស់​កាសែត​ Washington Post។

យោងតាម​សេចក្តីរាយការណ៍​របស់ Washington Post ដែលផ្អែក​លើបុគ្គលមួយ​ចំនួន​មានចំណេះដឹង​ជុំវិញបញ្ហា​នេះឲ្យដឹងថា​ គំរោង​សម្រាប់​​កិច្ចចរចា​​ដែល​មាន​ឈ្មោះថា​ «Track 1.5» កំពុងស្ថិត​នៅក្នុងដំណាក់​កាលរៀបចំ​នៅឡើយទេ ហើយការចរចា​លើកនេះ​នឹងក្លាយជា​សញ្ញាដ៏ច្បាស់​​បំផុត​ដែល​បង្ហាញថា​ប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន ក៏មានបំណង​ចង់ធ្វើការទាក់ទង​ជាមួយរដ្ឋាភិបាលអាមេរិកថ្មី​​ក្រោម​ការ​ដឹក​នាំ​​របស់​ប្រធានាធិប​តី​លោក ដូណាល់ ត្រាំ ផងដែរ។

ជាមួយគ្នា​នេះ​ឈ្មោះរបស់​គំរោងខាងលើ​ដែលឆ្លុះបញ្ចាំង​ពីការធ្វើទំនាក់​ទំនងគ្នារវាង អតីតមន្រ្តី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និងមន្រ្តី​រដ្ឋា​ភិបាល​​បច្ចុប្បន្ន​របស់កូរ៉េខាងជើង​នោះ គឺត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាមឈ្មោះ​នៃកិច្ចចរចា​ដែលត្រូវបាន​គេស្គាល់ថា «Track 2» ដែលមាន​​ការចួលរួម​ពាក់ព័ន្ធ​ពីសំណាក់​អតីតមន្រ្តីរដ្ឋាភិបាល​នៃភាគីទាំង​សងខាង (អាមេរិក-កូរ៉េខាងជើង)។

ប្រភព​សារព័ត៌មាន​ដដែលបានឲ្យដឹងថា​ក្រសួងការបរទេស​អាមេរិក​ក៏​មិនទាន់​បានផ្តល់ការអនុញ្ញាត​ចំពោះទិដ្ឋាការ​របស់មន្រ្តី​កូរ៉េខាងជើង​​សម្រាប់​កិច្ច​ចរចា «Track 1.5» នេះនៅឡើយទេ។ ដោយឡែក​អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិកបាន​បញ្ជាក់ថា​មានតែជំនួប​ពិភាក្សា «Track 2» ប៉ុណ្ណោះ​ដែលតែងតែត្រូវបាន​ធ្វើឡើងជា​ប្រចាំស្តីពីប្រធានបទ​ជាច្រើនជុំវិញ​ពិភពលោក ហើយបាន​ប្រព្រឹត្តទៅដោយ​ឯករាជ្យ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមរិក។ បន្ថែមពីនេះ​មន្រ្តីម្នាក់ប្រចាំ​នៅសេតវិមាន​បានធ្វើការអធិប្បាយថា​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន ពុំមានគំរោង​ក្នុងការជួប​ជាមួយកូរ៉េខាងជើង​នោះឡើយ។

គួរបញ្ជាក់ថា ការបាញ់​សាកល្បងមីស៊ីល​ផ្លោងរយៈចម្ងាយ​មធ្យម​របស់របបដឹកនាំ​ទីក្រុងព្យុង​យ៉ាង​នាពេលថ្មីៗនេះ បានទទួលរង​ការថ្កោល​ទោស​យ៉ាងខ្លាំងពី​សហគមអន្តរជាតិ​កាលពីសប្តាហ៍​មុននេះ ហើយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុងសន្និសីទ​សារ​ព័ត៌មាន​មួយ​នៅក្រោយការ​ធ្វើតេស្ត​មីស៊ីលនោះ​ដូច្នេះថា «ជាក់ស្តែង ប្រទេសកូរ៉េខាងជើង​គឺជាបញ្ហា​ដ៏សែនធំ​មហិមា​មួយ ដែលយើង​ត្រូវ​ធ្វើការ​ដោះស្រាយ​ប្រកបដោយ​ភាពប្រុងប្រយ័ត្ន​និងការយកចិត្តទុក​ដាក់ជាទី​បំផុត»