(គូឡាឡាំពួរ)៖ បន្ទាប់ពីការ​បង្ហាញខ្សែវីដេអូ​នៃសកម្មភាពធ្វើ​ឃាតលើ​លោក គីម ជុងណាំ បងប្រុស​មេដឹកនាំ​កំពូលកូរ៉េខាង​ជើង​នោះ ក្រសួងការបរទេស​ម៉ាឡេស៊ីបានកោះហៅ​ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​​ប្រចាំទីក្រុង គូឡាឡាំពួរ​មកជួបពិភាក្សាគ្នា​ជុំវិញករណីឃាតកម្ម​ ​ដែលពិភពលោក​ទាំងមូលកំពុង​ផ្តោតការយកចិត្ត​ទុកដាក់ខ្លាំង​បំផុតនេះ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះ​បន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ការកោះហៅខាងលើនេះត្រូវបានធ្វើឡើង​ដោយលោក Nushirwan Zainal Abidin អគ្គលេខាធិការ​រងទទួលបន្ទុកកិច្ច​ការ​ទ្វេ​ភាគី​​នៃ​ក្រសួង​​ការ​បរទេស​​ម៉ាឡេស៊ី ដើម្បីឲ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក កាង ចុល (Kang Chol) ធ្វើការ​បកស្រាយ​បំភ្លឺ​អំពីការចោទ​ប្រកាន់របស់​លោក​មក​លើការ​ស៊ើបអង្កេត​របស់អាជ្ញាធរម៉ាឡេស៊ី​ជុំវិញករណី​ឃាតកម្មរបស់​លោក គីម ជុងណាំ ដែលត្រូវជាបង​ប្រុសម្តាយទីទៃ​របស់​លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា​នៅក្នុងសេចក្តី​ថ្លែងការណ៍​ដោយប្រើពាក្យសម្តី​ធ្ងន់ៗកាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ លោក កាង ចុល បានធ្វើការ​ចោទ​ប្រកាន់​​ទៅ​លើ​​រដ្ឋា​ភិ​បាល​ម៉ាឡេស៊ីថាបាន «ព្យាយាមបិទបាំងអ្វីម្យ៉ាង» នៅក្នុងការស៊ើប​អង្កេតរបស់ខ្លួន​ជុំវិញ​ករណី​ឃាតកម្មលើ​បងប្រុសលោក គីម ជុងអ៊ុន និងមាន​ចេតនាអូស​បន្លាយពេល​វេលាដោយ​មិន​ព្រមធ្វើការ​ប្រគល់​សាកសព​លោក គីម ជុងណាំ ​ហើយថែម​ទាំង​​បាន​​ធ្វើ​កោសល្យ​​វិច័យ​ដោយ​ចិត្ត​ឯង​​ទៀត​ផង។

ដោយឡែកក្រោយពេលបានជួបជាមួយលោក កាង ចុល ក្រសួងការបរទេសជួសមុខឲ្យរដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​​ចាត់ទុកថា «ការ​ចោទ​ប្រកាន់​ក៏​ដូច​ជា​រិះ​គន់​របស់លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​កាលពីសប្តាហ៍មុន​ត្រូវបានធ្វើឡើង​ដោយគ្មាន​គោល​ការណ៍​មូលដ្ឋាន​ច្បាស់​លាស់​​នោះ​ឡើយ​»។ ម៉្យាងវិញទៀត​ក្រសួងដដែលបានឲ្យដឹងដែរថា​ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង ​ក៏ត្រូវបាន​ហៅឲ្យ​វិល​ត្រឡប់​​មកកាន់​​រដ្ឋធានីគូឡាឡាំពួរផងដែរ​ដើម្បីធ្វើការ​ពិគ្រោះ​យោបល់៕