(វ៉ាស៊ីនតោន)៖ បច្ចុប្បន្ន​សមាជិក​សភាជាតិ​អាមេរិក​កំពុងរៀបចំ​ធ្វើកំណែទម្រង់ ទៅលើទីភ្នាក់ងារ​អវកាស​ណាសា (NASA) ដើម្បីបន្ត​រក្សាផ្នែក​​មួយ​​ចំនួននៃកម្មវិធី​វិទ្យាសាស្រ្ត​ភពផែនដី និងផ្លាស់ប្តូរការ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធនឹងបញ្ហាបម្រែ​បម្រួល​អាកាសធាតុ​​ពិភពលោក។ នេះបើ​តាម​​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​វិទ្យាសាស្រ្ត American Scientifice នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

វានៅមិនទាន់ច្បាស់​នៅឡើយទេថា​តើអ្នករៀបរៀង​ច្បាប់ទាំងអស់​នោះ គ្រោងនឹង​ធ្វើការកែប្រែ​បេសកកម្ម​របស់អង្គការ NASA ដោយរបៀប​ណា ក៏​ប៉ុន្តែ​ក្រុម​អ្នក​សាធារណរដ្ឋ​និងមន្រ្តីរដ្ឋាភិបាល​របស់លោក ដូណាល់ ត្រាំ ធ្លាប់បាន​និយាយថា​ពួកគេមាន​បំណងចង់ឲ្យ NASA ធ្វើការ​​ផ្តោត​សំខាន់ទៅលើ​បេសកកម្ម​រុករកទីអវកាស​ជាជាង​ ការសិក្សាស្រាវជ្រាវ​ស្តីពីបញ្ហាបម្រែ​បម្រួល​អាកាសធាតុ ដែលជាផ្នែក​មួយនៃអង្គភាព​​វិទ្យាសាស្រ្ត​ភពផែន (Earth Sciences Division) របស់ទីភ្នាក់ងារ​មួយនេះ។ ប្រការនេះ​បានបង្កើតជា​មន្ទិលសង្ស័យ​អំពីជោគវាសនា​​នៃ​ Earth Sciences Division មានទទួល​បន្ទុកថវិកា​ប្រមាណជា​ពីរពាន់លានដុល្លារ ក្នុង​ចំណោម​ថវិកាចំនួនសរុប​២០​ពាន់​លាន​ដុល្លារ​របស់​អង្គ​ការ NASA។

ប្រធានគណៈកម្មការវិទ្យាសាស្រ្ត អវកាស និងបច្ចេកវិទ្យា​នៃសភាជាតិ​អាមេរិក​លោក Lamar Smith ​ដែលជា​អ្នកតំណាងរាស្រ្ត​​មក​ពី​បក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋតិចសាស់​បានឲ្យដឹងថា រូបលោកចង់​ឲ្យមានការថ្លឹងថ្លែង​សាជាថ្មី​ចំពោះបេសកកម្ម​របស់ NASA ដោយ​លោក Smith មានបំណង​ចង់ឲ្យទីភ្នាក់ងារ​អវកាសមួយនេះ​គិតគូរឡើងវិញ​អំពីបេសកកម្ម​របស់ខ្លួន ដោយសារតែ​រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានកាត់​​បន្ថយថវិកា​ឧបត្ថម្ភចំពោះ​បេសកកម្មរុករក​នៅទីអវកាស។

ជាពិសេសវា​អាចមានន័យថារាល់កិច្ចការរបស់អង្គការ NASA ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងត្រូវធ្លាក់ទៅលើ​បន្ទុករបស់ទីភ្នាក់ងារ​​ដទៃទៀត ជាមួយថវិកា​ឧបត្ថម្ភឬ​មួយក៏អត់ហើយជាង​នេះទៅទៀតវា​អាចនឹងត្រូវ​បានកាត់ចោល​តែម្តងក៏ថា​បានដែរ។ លោក Smith ​រួម​និង​អ្នកសាធារណរដ្ឋ​ដទៃផ្សេងទៀត​បានជៀសវាងរៀបរាប់គំរោងលម្អិតអំពីបញ្ហានេះ ប៉ុន្តែបាន​ទទួលស្គាល់ថា​ផ្នែកវិទ្យាសាស្រ្ត​នៃភពផែនដីនៅ ទីភ្នាក់ងារ​អវកាស NASA ទំនងជា​នឹងត្រូវប្រឈមមុខ​ជាមួយការផ្លាស់ប្តូរ​គួរឲ្យកត់សម្គាល់ខ្លះៗ​នាពេល​អនាគត។

លោក Smith បាននិយាយ​ដូច្នេះទៀត​ថា «ដោយសារការធ្វើ​ឲ្យមានតុល្យភាព​ឡើងវិញខ្ញុំសូមស្នើ​ឲ្យមានការឧបត្ថម្ភ​ថវិកាបន្ថែមកាន់តែ​ច្រើន​ ទៅក្នុងការធ្វើបេសកកម្មរុករកទីអវកាស ហើយ​យើងនឹងមិន​គ្រោងលុបបំបាត់​ ឬមួយក៏​បំភ្លេចផ្នែក​វិទ្យាសាស្រ្ត​ផែនដី​ចោល​ទាំង​ស្រុង​​​ឡើយ​។ ប៉ុន្តែខ្ញុំចង់​ឲ្យពួកយើង​ចងចាំ​អំពីអាទិភាព​ចម្បងរបស់យើង​គឺជាអ្វី ហើយវា​ទីភ្នាក់ងារ​ដទៃមួយ​ចំនួនទៀត​ដែលធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វិទ្យា​សាស្រ្ត​ភពផែនដី​ និងបញ្ហា​បម្រែបម្រួល​អាកាសធាតុ ហើយ​ពួកគេនៅ​តែអាច​បន្តធ្វើ​ដូច្នោះ​បានដូចដើម​ដដែល ខណៈយើង​មាន​ទីភ្នាក់ងារ​តែ​មួយគត់​ដែលចូលរួម​ក្នុង​បេសកកម្មរុករក​ទីអវកាស​គឺ NASA ហើយពួកគេ​ត្រូវការ​ថវិកាឧបត្ថម្ភ​ច្រើនបំផុត​តាមតែអាចធ្វើ​ទៅបាន​សម្រាប់​ការរុករក​ក្នុង​លំហអាកាស​»

គួរបញ្ជាក់ថា​យោងតាម​អតីតប្រធាន​ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​អង្គការ NASA ទីភ្នាក់ងារ​ដទៃទៀត​ដូចជារដ្ឋបាល​សមុទ្រ​ និងបរិយាកាស​​ជាតិ​​ជាដើម​ដែលសមាជិក​សភាបក្សសាធារណរដ្ឋចង់​ឲ្យធ្វើជាអ្នកគ្រប់គ្រង​កិច្ចការសិក្សាស្រាវជ្រាវ​បញ្ហាបម្រែបម្រួល​អាកាសធាតុនោះ ពុំ​មាន​​សមត្ថភាព​ដូចទៅ​នឹង NASA ក្នុងការអភិវឌ្ឍ​ផ្កាយរណប​ដែលតាមដាន​ក៏ដូចជាឃ្លាំ​មើលភពផែនដី​ឡើយ។ លោកស្រី Ellen Stofan បាន​​បញ្ជាក់​ដូច្នេះថា «កម្មវិធីវិទ្យាសាស្រ្ត​ផែនដី​របស់អង្គការ NASA មានសារៈសំខាន់​ខ្លាំងបំផុត ហើយខ្ញុំ​សូមក្រើន​រំលឹកដល់​មនុស្សគ្រប់គ្នា​​ថា​បច្ចេកវិទ្យា​ទាំងឡាយ ដែល​ទទួលបានពី​សមិទ្ធផល​នៃការវិនិយោគ​ទៅលើកម្មវិធី​វិទ្យាសាស្រ្ត​ផែនដី គឺជាមូលដ្ឋានគ្រឹះ​នៃវិស័យឧស្សាហកម្ម​ថ្មីៗ ហើយវា​ក៏ផ្តល់ផលចំណេញ​ទៅកាន់យើងរាល់គ្នា​ជារៀងរាល់ថ្ងៃ​ផងដែរ»