(ឈីកាហ្គោ)៖ មនុស្សរាប់រយ​នាក់បានប្រមូលផ្តុំគ្នា​នៅតាមដងវិថី​នៃទីក្រុង ឈីកាហ្គោ ដើម្បីសម្តែងការ​ប្រឆាំងទៅ​នឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់​ការហាមប្រាមធ្វើដំណើរពី​បណ្តា​ប្រទេសមូស្លីម​ចំនួន ០៧ ប៉ុន្តែត្រូវបានតុលាការកំពូល​សម្រេចផ្អាកបទបញ្ជា​ទៅហើយនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់​ងារព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមអ្នកតវ៉ា​ទាំងអស់បានប្រមូលផ្តុំ​គ្នាដង្ហែក្បួន​តវ៉ា ចាប់ពីវេលា​រសៀលថ្ងៃ​អាទិត្យ ទី២០ ខែកុម្ភៈ (ម៉ោងនៅ​ទីក្រុងវ៉ាស៊ីនតោន) រហូតដល់​ពេលល្ងាច។ ក្រុមអ្នកតវ៉ា​ជាច្រើនបាន​សរសេរបដា ដោយមាន​ន័យប្រឆាំង​ទៅនឹងបទ​បញ្ជាលោក ដូណាល់ ត្រាំ បើទោះបីជា​ត្រូវបានបដិសេធ​ដោយតុលាការកំពូល​រួចហើយក៏ដោយ ហើយពួកគេ​ថែមទាំងបញ្ចេញ​មតិទៀតថា នយោបាយ​នានាប្រឆាំងនឹង​ជនភៀសខ្លួន​នៅក្នុង​សហរដ្ឋអាមេរិក​នោះ គឺត្រូវបាន​បង្កើតឡើង​ដោយគ្មានការអនុញ្ញាត​តាមផ្លូវច្បាប់នោះ​ឡើយ។

គួរបញ្ជាក់តាមសម្តី​អ្នកតវ៉ាមួយរូប​ដែលមាន​ឈ្មោះថា Colin បានលើក​ឡើងថា «ខ្ញុំមកទីនេះ​ដើម្បី​ទាមទារ​ឲ្យមានការ​ផ្លាស់ប្តូរមួយ។ ខ្ញុំចង់និយាយថា​វាមិនត្រឹមត្រូវនោះទេ​ក្នុងការបង្ខំមនុស្ស​ឲ្យចាកចេញពី​ប្រទេស​ហើយយើង​គួរអនុញ្ញាត​ឲ្យមានជន​ចំណាកស្រុកចូល​ក្នុងអាមេរិក»។ សម្រាប់ការ​តវ៉ាលើកនេះ គឺត្រូវបាន​ប្រកូកប្រកាស​ឲ្យមនុស្សម្នាជាច្រើន​ចូលរួមតាំងពីដើម​សប្តាហ៍មកម្ល៉េះ ប៉ុន្តែជាចុងក្រោយ​អ្នកចូលរួមដែល​ភាគច្រើន​ជាជនមូស្លីម គឺមានតែខ្ទង់រាប់រយ​នាក់ប៉ុណ្ណោះ​នៅទីក្រុង ឈីកាហ្គោ រដ្ឋអ៊ីលីណយ៕