(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ីបានឱ្យដឹងថា កំពុងតាមស្វែង​ចាប់ខ្លួនជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង៤នាក់ ផ្សេងទៀត នៅក្នុងសំណុំ​រឿងឃាតកម្ម ​លើបងប្រុស​លោក គីម ជុងអ៊ុន គឺ លោក គីម ជុងណាំ ដែលត្រូវបានគេ​បំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទ​ដើមសប្ដាហ៍នេះ។ ក៏ប៉ុន្តែព្រម​ពេល​ជាមួយគ្នា ខាងប៉ូលិស​ម៉ាឡេស៊ី ក៏បានជឿជាក់​ដែរថា ពួកគេទំាងនេះ​ទំនងជាបានត្រឡប់​ទៅដល់ទីក្រុងព្យុង​យ៉ាងវិញហើយ គឺតាំងតែពីថ្ងៃទី១៧ ខែកុម្ភៈមកម្ល៉េះ​។ នេះបើតាមការ ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia ​នៅថ្ងៃអាទិត្យ ទី១៩​ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមប៉ូលិសម៉ាឡេស៊ី មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈរដ្ឋាភិបាល​កូរ៉េខាងត្បូង​ នៅថ្ងៃអាទិត្យនេះ ដាក់ការ​សង្ស័យ​កាន់តែច្បាស់ថាកូរ៉េខាងជើង ជាអ្នកនៅពីក្រោយ​នៃអំពើឃាតកម្មនេះ។

សូមជំរាបថា ប៉ូលិសម៉ាឡេស៊ី បានចាប់ចារកជន ​និងជាជនសង្ស័យ​ចំនួន៤នាក់​​រួចហើយ  ក្រោយអំពើឃាតកម្មនោះ​រួមមាន​ស្ត្រីម្នាក់កាន់​លិខិតឆ្លងដែន​វៀតណាម ដែលត្រូវបានគេ​កំណត់​អត្តសញ្ញាណ​​ថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់​ឈ្មោះ Siti Aisyah និងមិត្តប្រុស​ជាជនជាតិម៉ាឡេស៊ីរបស់នាង មានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំ​ម្នាក់ទៀត ដែលកាន់លិខិត​ឆ្លងដែន​របស់​ប្រទេស​កូរ៉េខាង​ជើង នៅក្នុងរដ្ឋធានី​គូឡាឡាំពួរ​៕