(បាងកក)៖ ក្រុមនាវាដឹកយន្ដហោះចម្បាំងអាមេរិក បានចាប់ផ្ដើមធ្វើប្រតិបត្តិការល្បាត នៅឯតំបន់សមុទ្រចិនខាងត្បូង ចំពេលដែលកំពុងមានភាពតានតឹងខ្លាំង ជាមួយចិនពាក់ព័ន្ធនឹងជម្លោះដែនទឹក និងការកើនឡើងនៃការព្រួយបារម្ភខ្លាចក្រែង មានការប៉ះទង្គិចគ្នាដោយយោធារវាងមហាអំណាចទំាងពីរនៅក្រោម រដ្ឋាភិបាលអាមេរិកថ្មីរបស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

បើតាមកងម៉ារីនអាមេរិក នាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson បានចាប់ផ្ដើមការធ្វើប្រតិបត្តិការល្បាតជាទម្លាប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពី ថ្ងៃសៅរ៍សប្ដាហ៍នេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព និងសមត្ថភាពល្បាត។ ឧត្ដមនាវី លោក James Kilby បានឱ្យដឹងដូច្នេះថា «ប្រតិបត្តិការល្បាតរបស់ យើងគឺជាផ្នែកមួយនៃការ​បង្កើនសមត្ថភាព​ល្បាត តាមរយៈការបង្កើតក៏ដូចជាលើកកម្ពស់ទំនាក់ទំនងដ៏រឹងមាំដែលមានស្រាប់ ជាមួយបណ្ដាប្រទេសជាដៃគូរ និង សម្ព័ន្ធមិត្តនៅក្នុងតំបន់»

គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅ ក្រសួងការបរទេសចិន បានព្រមានធ្ងន់ទៅលើសហរដ្ឋអាមេរិក សម្រាប់ការជំទាស់​ទៅនឹង​ដែន​អធិបតេយ្យភាពរបស់ខ្លួននៅ ក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹក​ជាមួយ​ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់៕