(មុយនិច-អាល្លឺម៉ង់)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍សប្ដាហ៍​នេះ​ថា បទឈប់បាញ់ សម្រាប់ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន នឹងចូលជាធរមាននៅថ្ងៃចន្ទ ស្អែកនេះ។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន CNN នៅ ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក Lavrov ធ្វើឡើងក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបទេសអ៊ុយក្រែន អាល្លឺម៉ង់ បារំាង នៅ​ឯទីក្រុងមុយនិច ប្រទេស អាល្លឺម៉ង់។ ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន បានស្គាល់ភាពតានតឹងសារជាថ្មី នារយៈពេល​ប៉ុន្មានខែចុងក្រោយនេះ រវាងក្រុមឧទ្ទាមទាមទារ បំបែករដ្ឋគាំទ្រដោយទីក្រុងមូស្គូ និងកងកម្លំាងរដ្ឋាភិបាលអ៊ុយក្រែន ខណៈ កិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការគោរពលើបទឈប់បាញ់ចេះតែបរាជ័យ ជាបន្តបន្ទាប់។​ ដោយឡែក ជុំវិញបញ្ហានេះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបនេះ លោក Lavrov បានបញ្ជាក់ត្រង់ៗថា​ «ក្រុមរដ្ឋមន្ត្រីការ បរទេសបានព្រមព្រៀង​គ្នាលើបទឈបាញ់ថ្មីមួយ ដែលនឹងចូលជាធរមាននៅថ្ងៃទី២០ ខែកុម្ភៈ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បទឈប់បាញ់នៅពេលនេះ មានជាប់ពាក់ព័ន្ធនឹង​ការរៀបចំ​ការបោះឆ្នោត នៅក្នុង តំបន់ ការដកកងកម្លាំងបរទេស និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ ដែលជាចំណុចមួយ​ដ៏សំខាន់មាន​ចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវ បានព្រមព្រៀងកាលពីជាង២ឆ្នាំមុន ក៏ប៉ុន្តែពុំត្រូវបានភាគី​ជម្លោះទំាងអស់គោរព​ឱ្យបានខ្ជាប់ខ្ជួននោះទេ៕