(ប៉េកាំង)៖ រដ្ឋាភិបាលចិននឹងបញ្ឈប់រាល់ការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើង គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈនេះតទៅ ទំនងជាដើម្បី​​បង្ហាញ​​​ពី​​​​កិច្ច​​​​ខិត​​ប្រឹង​​ប្រែងរបស់ខ្លួនក្នុងការអនុវត្តន៍ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាម​សេចក្តី​​ជូន​ដំណឹង​របស់ក្រសួងពាណិជ្ជកម្មចិន ដែលត្រូវបានដកស្រង់​ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការដាក់បំរាមផ្អាកការនាំចូលនេះនឹងមានសុពលភាពរហូត​ដល់ចុងឆ្នាំនេះ ពោលគឺដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ជុំវិញបញ្ហា​នេះ​ក្រសួងពាណិជ្ជកម្មចិន ពុំបានបញ្ជាក់ថា តើហេតុអ្វីបានជាការដឹកជញ្ជូន​ទាំងអស់នេះត្រូវបានផ្អាកនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ បានសេចក្តីរាយការណ៍ កាលពីសប្តាហ៍មុនថា ការដឹក​ជញ្ជូនទំ​និញជា​ធ្យូងថ្មមួយជើងរបស់កូរ៉េខាងជើង ដែលមានតម្លៃប្រហែលមួយលានដុល្លារ ត្រូវបានបដិសេធចោលនៅឯកំពង់ផែ Wenzhou នៃតំបន់ឆ្នេរភាគកើតប្រទេសចិន។​

ការបដិសេធមិនព្រមទទួលយកទំនិញខាងលើនេះ ត្រូវបានធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីការបាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចម្ងាយ​មធ្យម​​របស់ទីក្រុងព្យុងយ៉ាង ដែលជាការបង្ករឿងដោយផ្ទាល់លើកទីមួយទៅកាន់សហគមអន្តរជាតិ របស់​ប្រទេសកុម្មុនិស្តដ៏ឯកោមួយនេះ គិតចាប់​តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែង​ជាផ្លូវការកាល​ពីថ្ងៃទី២០ ខែមករាកន្លងទៅ។

គួរបញ្ជាក់ថា ទោះបីជាបានទទួលរងសម្ពាធខ្លាំងក្លាយ៉ាងណាក្តី ប្រទេសកូរ៉េខាងជើងនៅតែបាន​ក្លាយជាអ្នកផ្គត់ផ្គង់ធ្យូថ្ម​ដ៏ធំទីបួនរបស់ប្រទេស​ចិនកាលពីឆ្នាំ២០១៦ ជាមួយនិងចំនួនធ្យូងថ្មនាំចូលកើនដល់២២.៤៨លានតោន គឺបានកើនឡើង​ក្នុងអត្រា១៤.៥ភាគរយបើធៀបនឹងឆ្នាំ​២០១៥៕