(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃសៅរ៍នេះបានចេញបញ្ជាឲ្យកម្លាំងយោធា និងប៉ូលិសជាតិ​បន្តធ្វើការទប់ស្កាត់​ឲ្យ​បាននូវការគំរាមកំហែងនានារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេស។ នេះបើតាម​ការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងទៅកាន់អតីតនិស្សិតនៃសាលាបង្វឹកនាយទាហានហ្វីលីពីន PMA ក្នុងអំឡុងពិធីជួបជុំប្រចាំឆ្នាំនៅឯទីក្រុង Baguio ភាគខាង​ជើង រដ្ឋធានី​ម៉ានីល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការសង្កត់ធ្ងន់អំពីតម្រូវការជាចាំបាច់ក្នុងធានាសុវត្ថិភាព នៅតាមតំបន់​នានាលើកោះ Mindanao ដែល​ស្ថិត​​នៅ​​ភាគ​ខាង​ត្បូង​នៃ​ប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ISIS ដែលមាន​បំណងចង់បង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេនៅទីនោះ​។​ លោក ឌូតឺតេ បានបង្គាប់ឲ្យកងកម្លាំង រដ្ឋាភិបាល និងក្រុមប៉ូលិស​ប្រើប្រាស់សម្ភារៈ និងបរិក្ខាក៏ដូចជាធនធានដែលមានទាំងប៉ុន្មានដើម្បីកម្ចាត់​ក្រុម ISIS ដោយលោកប្រធានាធិបតី បានលើក​ឡើងដូច្នេះថា «នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីការពារកោះ Mindanao»។

គួរបញ្ជាក់ដែរថា មេដឹកនាំកំពូលនៃក្រុមអាប៊ូ សាយ៉ាហ្វ (Abu Sayyaf) ឈ្មោះ Hapilon ដែលជាមេធំរបស់ក្រុម ISIS ប្រចាំនៅ​ហ្វីលីពីននោះ​ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងប៉ះទង្គិចគ្នាដ៏កក្រើកមួយ​ជាមួយកម្លាំងយោធារបស់​រដ្ឋាភិបាល៕