(បាងកក)៖ ប្រធានគណបក្ស​ប្រជាធិបតេយ្យ​ក្នុងប្រទេសថៃ​ និងជាអតីតនាយករដ្ឋមន្ត្រី លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បានធ្វើការ​រិះគន់ចំៗ​ចំពោះ​គំរោង​​ការណ៍រួបរួម​របស់រដ្ឋាភិបាល​យោធា​ដែលសំដៅ​​ពង្រឹងកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សាជាតិ ថាគឺជា​រឿង​ឥតប្រយោជន៍​ទាំងស្រុង ហើយ​អតីត​នាយករដ្ឋមន្រ្តី​ថៃរូប​នេះបានគូស​បញ្ជាក់ពី​សារៈសំខាន់​ និងតម្រូវការចាំបាច់​ក្នុងការគោរព​ប្រតិបត្តិតាម​នីតិរដ្ឋ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក អាប់ភីស៊ីត បានថ្លែងថា​រូបលោក​មិនយល់ស្រប​ជាមួយកិច្ច​ព្រមព្រៀង​ដែលបានដាក់​ចេញ​ដោយ​រដ្ឋាភិបាល ដើម្បីកំណត់​នូវអ្វីដែល​​​អ្នកនយោបាយ​ត្រូវតែធ្វើ​ និងអ្វីមិន​ត្រូវធ្វើនោះ​ឡើយ ដោយលោក​បានលើកឡើង​ដូច្នេះថា «វានឹងក្លាយ​ជារឿងឥតប្រយោជន៍​មួយ ពីព្រោះថា​ពុំមាន​នរណា​ម្នាក់អាចធានា​ឲ្យបាននូវ​ស្ថានការណ៍​ណាមួយ​ឡើយ»

ស្រដៀងគ្នានេះ​យោធាថៃ​តែងតែ​បាននិយាយថា​ ពួកគេ​នឹងមិន​ធ្វើ​​រដ្ឋ​ប្រហារ​​ណាមួយ​ឡើយ ហើយ​នៅពេល​ដែលពួកគេ​សម្រេច​ធ្វើរដ្ឋប្រហារ ពួកគេជារឿយៗ​បានលើកយកភាព​ចាំបាច់​ក៏ដូចជាកាលៈទេសៈ​មួយ​ចំនួន ដើម្បីធ្វើជាលេស​ដោះស្រាយទង្វើ​របស់ពួកគេ​ដដែល​នោះទេ។ គួរបញ្ជាក់ថា​យោងតាម​អតីត​នាយករដ្ឋមន្រ្តី​ថៃរូបនេះ គំរោងថ្មីនេះ​របស់រដ្ឋាភិបាល​លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានបង្កើត​ឡើងដើម្បី​សំដៅ​លើកកម្ពស់​ភាពចុះចម្រុង​នឹងគ្នារវាង​ក្រុមនានា ដែលមានទស្សន​នយោបាយ​ផ្សេងគ្នានៅក្នុង​​ប្រទេសថៃ ប៉ុន្តែមានផលប៉ះពាល់អវិជ្ជមាន​មួយ​ចំនួនដល់ការប្រព្រឹត្ត​របស់អ្នក​នយោបាយ៕