(វ៉ាស៊ីនតោន)៖ បាតុកម្មទ្រង់ទ្រាយ​ធំ​លើកទីពីរ​សំដៅប្រឆាំង​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ទំនងជានឹង​ផ្ទុះឡើងសាជា​ថ្មី​​ម្តង​ទៀត ស្របពេលដែល​សកម្មជនជា​ច្រើនបានអំពាវឲ្យ​ពលរដ្ឋអាមេរិក ដែលមិនពេញចិត្ត​នឹងការដឹកនាំ​របស់លោក ត្រាំ រួមគ្នាធ្វើបាតុកម្ម​​​នៅ​តាម​​​ទីក្រុងធំៗ​មួយចំនួន​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​សៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សកម្មជនអាមេរិក​ជាច្រើនរូប​បានប្រកូកប្រកាស ឲ្យមានការធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ​នៅតាម​ទីក្រុង New York, Chicago, និង Los Angeles នៅមួយថ្ងៃ​បន្ទាប់ពីជន​អន្តោប្រវេសន៍​រាប់ពាន់នាក់​នៅទូទាំង​សហរដ្ឋអាមេរិក បានសម្រេច​មិន​ចេញពីលំនៅឋាន​របស់ពួកគេ​ដើម្បីទៅបំពេញ​​ការងារ និងទៅសាលារៀន​នោះឡើយ ក្នុងយុទ្ធនាការ «A Day Without Immigrants (មួយថ្ងៃដោយគ្មាន​ជនអន្តោប្រវេសន៍)» ក្នុងគោល​បំណង​បង្ហាញពី​ទំហំនៃការចូលរួម​ចំណែករបស់​កម្លាំងពលកម្ម​ ដែលមាន​ដើមកំណើត​បរទេស​ទៅក្នុងសេដ្ឋកិច្ច​អាមេរិក។

គួរបញ្ជាក់ថា​ចាប់តាំងពីពេល​បានស្បថឡើងកាន់តំណែង​ជាផ្លូវការកាលពី​ថ្ងៃទី២០ ខែមករាកន្លង​ទៅមក លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងការដង្ហែរ​ក្បួននៃក្រុមអ្នក​តវ៉ាទ្រង់ទ្រាយតូចៗ​ជាបន្តបន្ទាប់​រហូតមកនៅក្នុង​សហរដ្ឋអាមេរិក​ផ្ទាល់ និងតាមបណ្តាតំបន់មួយចំនួន​ទៀត​​នៅ​ជុំវិញ​ពិភពលោក៕