(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះបញ្ហាបំណុលកម្ពុជា ដែលជំពាក់អាមេរិកក្នុងអំឡុងឆ្នាំ១៩៧០ ដែលបច្ចុប្បន្នកំពុងក្លាយជាប្រធានបទដ៏ក្តៅមួយសម្រាប់កម្ពុជា។ ប៉ុន្តែកុំភ្លេចថា អាមេរិកធ្លាប់មានប្រវត្តិទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យបាត់បង់ជីវិត ប្រជាពលរដ្ឋស៊ីវិលជាង៥០ម៉ឺននាក់ ក្រោមស្នាដៃរបស់អតីតប្រធានាធិបតី Richard Nixon។ ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់អតីតប្រធានាធិបតីអាមេរិក ដែលបន្សល់ទុកស្លាកស្នាមអាក្រក់ក្នុងទំនាក់ទំនងកម្ពុជា អាមេរិក៖

* ឈ្មោះពេញ៖ Richard Milhouse Nixon
* ប្រធានាធិបតីអាមេរិកទី៣៧៖ ពីថ្ងៃទី២០ មករា ១៩៦៩ដល់ថ្ងៃទី០៩សីហា ១៩៧៤
* អនុប្រធានាធិបតីអាមេរិកទី៣៦៖ ពីថ្ងៃទី២០មករា ១៩៥៣ដល់ ថ្ងៃទី២០មករា ១៩៦១
* សមាជិកសភាដំណាងរដ្ឋ Califonia៖ ពីថ្ងៃទី០៣មករាដល់ ថ្ងៃទី០១ធ្នូ ឆ្នាំ១៩៥០
* កើតនៅ៖ រដ្ឋ California ថ្ងៃទី០៩ខែ មករា ១៩១៣
* ស្លាប់៖ ថ្ងៃទី២២ ខែមេសា ១៩៩៤ ដោយសារជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងហើមខួរក្បាល
* បក្សនយោបាយ៖ សាធារណរដ្ឋ
* ភរិយា៖ លោកស្រី Pat Ryan (រៀបអាពាហ៌ពិពាហ៌ ឆ្នាំ១៩៤០ លែងលះ ឆ្នាំ១៩៩៣)
* កូន៖ មានពីរនាក់គឺ Patricia និង Julie
* សិក្សានៅ៖ សាលា Whittier Colloge និងសកលវិទ្យាល័យ Duke

Richard Milhouse Nixon កើតនៅថ្ងៃតី០៩ ខែមករា ឆ្នាំ១៩១៣ ក្នុងលំនៅដ្ឋានដែលឪពុករបស់លោកបានកសាងដោយផ្ទាល់។ ម្តាយមានឈ្មោះថា Hannah Nixon ចំណែកឪពុកមានឈ្មោះថា Francis A.Nixon។ ដោយសារឪពុកម្តាយរបស់លោក សុទ្ធតែជាអ្នកកាន់សាសនាគ្រឹស្តបែប Quaker ដែលមានទស្សនៈប្រឆាំងចំពោះអំពើហិង្សា និងសង្គ្រាមជាដើម ហេតុនេះលោកត្រូវបានចិញ្ចឹមបីបាច់ដោយអប់រំឱ្យចៀសឆ្ងាយពីគ្រឿងស្រវឹង ការរាំរែក និងអំពើមិនគប្បីជាដើម។ លោក Nixon មានបងប្អូនប្រុស៤នាក់ ដែលសុទ្ធតែដាក់ឈ្មោះតាមស្តេចដែលធ្លាប់ជាថ្នាក់ដឹកនាំក្នុងអតីតកាល ឬតាមរឿងព្រេងនិទានអង់គ្លេសជាដើម។

* ការងារ
បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Duke យុវជន Nixon មានបំណងចង់ធ្វើការនៅភ្នាក់ងារស៊ើបអង្កេត FBI។ យ៉ាងនេះក្តីលោក មិនត្រូវបានគេឆ្លើយតបឡើយ រហូតដល់រយៈពេល១ឆ្នាំក្រោយមកទើបលោកអាចធ្វើការនៅទីនោះបាន។ ប៉ុន្តែការដំណែងរបស់លោកត្រូវបាន លុបចោលវិញក្នុងពេលដ៏ខ្លីដោយសារការកាត់បន្ថយកញ្ចប់ថវិកា។ ផ្ទុយទៅវិញលោក បានត្រឡប់ទៅកាន់រដ្ឋ California និងចូលធ្វើការនៅទីនោះ ក្នុងឆ្នាំ១៩៣៧ លើផ្នែកច្បាប់។

ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយមកបន្ទាប់ពីការកាន់ដំណែងជាប្រធានាធិបតី លោកធ្លាប់បង្ហាញមោទនភាពថា លោកជាប្រធានាធិបតីតែមួយគត់ដែលមាន ប្រវត្តិធ្លាប់ធ្វើជាមេធាវី។ តែក្នុងអាជីពជាមេធាវី លោកមានភាពរារែកក្នុងការធ្វើការទៅលើករណីលែងលះគ្នា មូលហេតុមួយគឺលោកមិនចូលចិត្តនិយាយ ដោយត្រង់ៗពីបញ្ហាផ្លូវភេទជាមួយស្ត្រីឡើយ។ រហូតដល់ឆ្នាំ១៩៣៨ លោកបានបើកសាខាមេធាវីដោយខ្លួនឯង នៅក្នុងរដ្ឋ California។

* ដំណែងជាប្រធានាធិបតី (១៩៦៩-១៩៧៤)៖
លោក Nixon ត្រូវបានតែងតាំងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩ ចំណែកអ្នកដឹកនាំលោក ដើម្បីស្បថឡើងកាន់ដំណែងគឺជាគូសត្រូវ របស់លោកផ្ទាល់ គឺប្រធានក្រសួងយុត្តិធម៌ លោក Earl Warren។ លោកទទួលបានកិត្តិយសជាខ្លាំងក្នុងនាមជាអ្នកបង្កើតសន្តិភាព និងការបង្រួបបង្រួមជាតិ។

* សង្គ្រាមនៅវៀតណាម៖
សង្គ្រាមនៅវៀតណាម ជាបទពិសោធន៍មួយដ៏កម្រសម្រាប់សហរដ្ឋអាមេរិក ដោយសារខ្លួនបានចាញ់សង្គ្រាមនៅទីនោះ។ ខណៈដែលលោក Nixon កាន់អំណាច យោធាអាមេរិកប្រមាណ៣០០នាក់ បានស្លាប់ជារៀងរាល់សប្តាហ៍ៗនៅវៀតណាម ហើយសង្គ្រាមនេះបានបង្កឱ្យសហរដ្ឋអាមេរិក ទាំងមូលបាត់បង់ជំនឿចិត្តទៅលើលោក ដោយពួកគេបានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមដែលចេះតែអូសបន្លាយរហូត។

លោក Nixon បានចេញសេចក្តីសម្រេចទៅលើយុទ្ធនាការទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង និងដែនដីរបស់កម្ពុជា ក្នុងខែមីនា ឆ្នាំ១៩៦៩។ នៅពាក់កណ្តាល ឆ្នាំ១៩៦៩ លោក Nixon បានចាប់ផ្តើមកិច្ចប្រឹងប្រែងដើម្បីធ្វើកិច្ចចរចាសន្តិភាពជាមួយនឹងវៀតណាមខាងជើង ដោយបញ្ជូនសារឯកជន ទៅកាន់មេដឹកនាំវៀតណាមខាងជើង ហើយកិច្ចចរចាសន្តិភាព បានចាប់ផ្តើមឡើងនៅទីក្រុងប៉ារីស។

យ៉ាងនេះក្តី កិច្ចចរចាដំបូងឡើយ មិនទទួលបានលទ្ធផលឈានទៅរកកិច្ចព្រមព្រៀងឡើយ។ ក្នុងខែឧសភា ឆ្នាំ១៩៦៩ លោកបានស្នើដកទ័ព អាមេរិកទាំងអស់ពីវៀតណាមខាងត្បូង ដោយស្នើវៀតណាមខាងជើងធ្វើបែបនេះដូចគ្នា ចំណែកវៀតណាមខាងត្បូងនឹងរៀបចំការបោះឆ្នោត ដោយមានការត្រួតពិនិត្យពីសំណាក់អន្តរជាតិ ដោយមានការចូលរួមពីសំណាក់ពួកវៀតកុង។

ក្នុងខែកក្កដា ឆ្នាំ១៩៦៩ លោក Nixon បានធ្វើទស្សនកិច្ចនៅវៀតណាមខាងត្បូង ដោយលោកបានជួបជាមួយមេបញ្ជាការយោធាអាមេរិក និងប្រធានាធិបតីវៀតណាមលោក Nguyen Van Thieu។ ដោយការប្រឈមមុខនឹងការធ្វើបាតុកម្មនៅអាមេរិក ទាមទារឱ្យដកទ័បជាបន្ទាន់នោះ លោកបានដាក់ចេញភ្លាមៗនូវយុទ្ធសាស្ត្រដើម្បីជំនួសយោធាអាមេរិក ដោយយោធាវៀតណាម ដែលត្រូវបានគេស្គាល់ថា «វៀតណាមនីយកម្ម»។

មិនយូរប៉ុន្មាន លោកបានឈ្លានពានប្រទេសឡាវ ដោយចោទថាឡាវបានលូកដៃក្នុងកិច្ចការរឿង ហូជីម៉ិញ និងការជួយផ្គត់ផ្គង់ដល់កងទ័ពវៀតណាមខាងជើង ដែលធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា។ ជាមួយគ្នានេះដែរ លោកបានប្រកាសជាសាធារណដល់ប្រជាពលរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ ពីការបញ្ជូនទ័ពមកឈ្លានពានកម្ពុជា។

តាមការសន្និដ្ឋានបានឱ្យដឹងថា មនុស្សប្រមាណពី៥០,០០០ ទៅ១៥០,០០០នាក់បានស្លាប់ក្នុងពេលដែលអាមេរិកទម្លាក់គ្រាប់បែក នៅរវាងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣។

ទីបំផុត យោធាអាមេរិកបានបន្តដកទ័ពបន្តិចៗ ការធ្វើកំណែនទ័ពបានថយចុះបន្តិចៗ ហើយគ្មានតែម្តងនៅក្នុងឆ្នាំ១៩៧៣ កងកម្លាំងប្រដាប់អាវុធក្លាយជាក្រុមអ្នកស្ម័គ្រចិត្ត។ ក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីសង្គ្រាមនេះបានបញ្ចប់ទៅ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ត្រូវបានចាប់ផ្តើមចុះហត្ថលេខានៅដើមឆ្នាំ១៩៧៣។ កិច្ចព្រមព្រៀងនេះ បានដាក់ចេញនូវបទឈប់បាញ់ និងអនុញ្ញាតឱ្យយោធាអាមេរិកដែលនៅសេសសល់ ទាំងអស់ដកចេញ។ យ៉ាងនេះក្តី កិច្ចព្រមព្រៀងនេះមិនបានតម្រូវឱ្យយោធាវៀតណាមខាងជើង១៦០,០០០នាក់ ដែលត្រូវបានដាក់ពង្រាយនៅភាគខាងត្បូង ត្រូវបានដកខ្លួនទៅវិញឡើយ។ ទីបំផុតវៀតណាមខាងជើង បានយកឈ្នះទៅលើវៀតណាមខាងត្បូង ក្នុងឆ្នាំ១៩៧៥។

* ការលាលែងពីដំណែង៖
បន្ទាប់ពីមានរឿងអាស្រូវនយោបាយ Watergate ដែលបង្កឡើងដោយក្រុមមន្ត្រីរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Nixon ធ្វើឱ្យលោកបាត់បង់ការ គាំទ្រផ្នែកនយោបាយ។ ដោយដឹងច្បាស់ថាលោកប្រាកដជាទទួលរងការចោទប្រកាន់ និងបណ្តេញចេញនោះ លោក Nixon បានសម្រេចចិត្តលាលែង ពីដំណែងជាប្រធានាធិបតីនៅថ្ងៃទី០៩ខែសីហា ឆ្នាំ១៩៧៤។ លោកបានលើកឡើងថា ការលាលែងដំណែងដើម្បីភាពល្អប្រសើរ និងស្នើឱ្យប្រជាជាតិ ទាំងមូលគាំទ្រប្រធានាធិបតីបន្ទាប់ពីលោក គឺលោក Ford។

បើទោះបីជាលោកបានប្រព្រឹត្តខុស ប៉ុន្តែលោកទទួលបានការតបគាំទ្រជាច្រើនពីសាធារណៈជន លើកលែងតែលោក Roger Mudd របស់សារព័ត៌មាន CBS ដែលបានលើកឡើងថា លោក Nixon មិនបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។

* មរណភាព៖
លោក Nixon ធ្លាក់ខ្លួនឈឺដោយសារជំងឺដាច់សរសៃឈាមធ្ងន់ធ្ងរ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៤ ខណៈដែលកំពុងត្រៀមបរិភោគអាហារពេលល្ងាច ក្នុងលំនៅដ្ឋានមួយនៅរដ្ឋ New Jersey។ ទីបំផុតលោកបានស្លាប់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៤ ក្នុងវ័យ៨១ឆ្នាំ ដោយមានតែវត្ថមានកូនស្រីម្នាក់គត់នៅក្បែរលោកនៅដង្ហើមចុងក្រោយរបស់អតីតប្រធានាធិបតីរូបនេះ៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា