(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិករាប់ពាន់នាក់​បាននាំគ្នាចុះហត្ថលេខា​លើញ្ញត្តិមួយ ដោយអំពាវនាវឱ្យ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកសិទ្ធិជាពលរដ្ឋអាមេរិក និងបណ្ដេញមហាសេដ្ឋី​ប្រាក់ពាន់លាន លោក ចច សូរ៉ូស (George Soros) ចេញពីសហរដ្ឋអាមេរិក​ក្រោមហេតុផល​មហាសេដ្ឋី​ដើមកំណើត​ហុងគ្រី​រូបនេះ​កំពុងធ្វើសកម្មភាព​បំបែកបំបាក់​សង្គមអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃសុក្រ ទី១៧​ ខែកុម្ភៈ ឆ្នាំ២០១៧។

មនុស្សជាង៩,០០០នាក់ បាននាំគ្នាចុះ​ហត្ថលេខាលើញ្ញត្តិខាងលើ តាមរយៈគេហទំព័រ Change.org ក្នុងគោលបំណង​ស្នើឱ្យប្រធានាធិបតី​អាមេរិកបច្ចុប្បន្ន ដកសិទ្ធិជាពលរដ្ឋអាមេរិកពី លោក ចច សូរ៉ូស ព្រមទាំងហាមឃាត់លោក និងគ្រួសារមិនឱ្យប្រកបមុខ​ជំនួញនៅលើទឹកដី​អាមេរិកទៀតផង។ ក្រុម​មនុស្ស​ទំាងនេះបានបញ្ជាក់​នៅក្នុងញ្ញត្តិដូច្នេះថា «លោកប្រធានាធិបតី​ ដូណាល់ ត្រាំ យើងស្នើឱ្យ​អ្នកបណ្ដេញ​លោក ចច សូរ៉ូ ចេញពី​សហរដ្ឋអាមេរិក ហើយយើង​ស្នើឱ្យ​អ្នកហាមឃាត់​លោក ចច សូរ៉ូស និងសមាជិក​គ្រួសាររបស់គាត់​ទាំងអស់ក្នុងការ​ប្រកបមុខជំនួញ​នៅសហរដ្ឋអាមេរិក​ ក៏ដូចជា​ការវិនិយោគ​នៅក្នុង​មូលនិធិ នយោបាយ​ពុករលួយ»

គួរបញ្ជាក់ថាការដាក់ញ្ញត្តិ​បណ្ដេញ លោក ចច សូរ៉ូស ចេញពីទឹកដី​អាមេរិក ធ្វើឡើងបន្ទាប់ពី សារព័ត៌មាន​ក្នុងស្រុកជា​ច្រើនបានរាយការណ៍ថា​ លោកគឺជា​មនុស្ស​ម្នាក់ដែល​បានជួយផ្ដល់​លុយកាក់​ក្នុងការរៀបចំ​បាតុកម្ម​តវ៉ាប្រឆាំង​នឹងលោក ដូណាល់ ត្រាំ៕