(ញូដេលី)៖ ក្រុមហ៊ុន Apple នៅថ្ងៃ​ប៉ុន្មានខែខាងមុខទៀត​នឹងចាប់ផ្តើម​ធ្វើការ​ដំឡើង​ទូរស័ព្ទដៃ iPhone SE ដែលមាន​តម្លៃធូរថ្លៃ​នៅរោង​ចក្រ​​មួយ​កន្លែង​​ស្ថិត​ក្នុង​តំបន់​បច្ចេកវិទ្យា Bengaluru ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​ផ្អែកលើ​ប្រភពមួយ​ដែលមានចំណេះដឹង​ពាក់ព័ន្ធ​​ផ្ទាល់​​ជា​មួយ​​បញ្ហា​នេះ។

យោងតាម​ប្រភព​ព័ត៌មាន​ខាងលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​មួយនេះ កំពុង​រៀបចំ​រោងចក្រមួយ​កន្លែង​នៅតំបន់ Bengaluru ដើម្បីផ្តោត​សំខាន់តែមួយ​គត់​ទៅលើ​ការដំឡើង​ទូរស័ព្ទ​ដៃ iPhone។ ហើយ Apple បានគ្រោង​នឹង​ធ្វើការ​ដំឡើង iPhone SE ពី​៣០០,០០០គ្រឿងទៅ​៤០០,០០០គ្រឿង​ក្នុង​ដំណាក់កាល​ដំបូងនៅប្រទេស​ឥណ្ឌា ប៉ុន្តែ​គេមិន​ទាន់បានដឹងច្បាស់​ថា​ តើ​ម៉ូដែល iPhone ផ្សេង​ទៀត​​ណាខ្លះ​ដែល​ក្រុមហ៊ុន នឹងធ្វើការ​ដំឡើង​ក្នុងរោងចក្រ​នៅតំបន់ Bengaluru នាពេល​ក្រោយនោះ​ឡើយ។

ជាមួយគ្នានេះ​ដែរ​កាលវិវឌ្ឍន៍ថ្មីនេះ​របស់ Apple ត្រូវបាន​ធ្វើឡើង​ស្របពេល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សមួយ​នេះ កំពុងព្យាយាម​បង្កើន​វត្តមាន​ក៏ដូចជា​ភាគហ៊ុន​របស់ខ្លួន​ នៅក្នុងទីផ្សារ​ទូរស័ព្ទ​ចល័តដ៏ធំ និងកំពុង​រីកលូតលាស់យ៉ាងឆាប់​រហ័ស​ជាងគេបំផុត​លើ​ពិភព​លោក​​មួយ​នេះ ដែល​ជា​កន្លែង​កាន់កាប់​របស់​ម៉ូដែល​ទូស័ព្ទមានតម្លៃ​ទាបជាង​ឆ្ងាយបើ​ធៀប​នឹង iPhone របស់ Apple។ ម៉្យាងវិញ​ទៀតនោះ​អត្រានៃការ​លក់ iPhone នៅក្នុងប្រទេស​ចិន ដែលជាទីផ្សារដ៏ធំមួយ​ផ្សេងទៀតនោះ​ក៏កំពុង​ពុំសូវមាន​សន្ទុះ​ផងដែរ។

គួរបញ្ជាក់ថា​ក្រុមហ៊ុន Apple បានដឹក​ជញ្ជូន iPhone សរុបចំនួន​២.៥លានគ្រឿង​ទៅកាន់​ប្រទេសឥណ្ឌា​កាលពី​ឆ្នាំ២០១៦កន្លង​ទៅនេះ ហើយ​នៅក្នុងត្រីមាស​ទីមួយនាឆ្នាំមុននេះ​ផងដែរ Apple បានឈរ​នៅលេខរៀង​ទី១០ ក្នុងទីផ្សារស្មាតហ្វូន​របស់ឥណ្ឌា។ ដោយឡែក​ក្រុមហ៊ុន Apple ផ្ទាល់ពុំទាន់​បានឆ្លើយតប​ទៅនឹងសំណើ​សុំឲ្យមាន​ការធ្វើអធិប្បាយ ​ជុំវិញសេចក្តីរាយការណ៍​នេះនៅ​ឡើយទេ៕