(សេអ៊ូល)៖ ប្រភព​សម្ងាត់មួយដែល​សារព័ត៌មានយ៉ុបហាប់​ទទួលបាន នោះគឺ​នៅទូទាំង​ប្រទេស​កូរ៉េខាងជើង ​(ក្រៅពីមេដឹកនាំ​កំពូលៗ) មិនទាន់មាន​នរណាដឹងពី​មរណភាព​របស់លោក គីម ជុងណាំ ដែលជាបងប្រុស​របស់លោក គីម ជុងអ៊ុន នោះឡើយ ក៏ព្រោះតែ​បណ្តាញ​ផ្សព្វផ្សាយ​គ្រប់ច្រលល្ហក​របស់​ប្រទេសនេះ ត្រូវបាន​​គ្រប់គ្រង​ទាំងស្រុងដោយ​រដ្ឋកុម្មុយនិស្ត​ទីក្រុង​ព្យុងយ៉ាង។ នេះបើ​តាមសារព័ត៌មាន​កូរ៉េខាងត្បូងយ៉ុនហាប់ ​ចេញផ្សាយនៅមុននេះបន្តិច​រសៀល​ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពដដែល​បានបញ្ជាក់​ទៀតថា ទោះបីជា​ពេលថ្មីៗ​បែបនេះ​របបដឹកនាំកូរ៉េខាងជើង​អាចលាក់ការបាន ប៉ុន្តែ​វា​មិនប្រាកដថា​នឹងលាក់ជិតរហូត​នោះឡើយ ព្រោះប្រជាជន​កូរ៉េខាងជើងមួយចំនួន​ក៏អាចធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬមួយក៏​ប្រទេសជិតខាង​ដូចជាចិន​ជាដើម ដែលប្រការនេះ​ពួកគេនឹងត្រឡប់មកវិញ​​ដោយ​នាំយកព័ត៌មាន​ទាំងនោះមកប្រាប់​សាច់ញាតិ ឬក្រុមគ្រួសារ​បាន។ ទោះបីជាបែបនេះក្តី​​ការដឹងឮ​ព័ត៌មាន​បែបនេះ នឹងមិន​បង្កជាបញ្ហាអ្វី​សម្រាប់សន្តិសុខ​កូរ៉េខាងជើង ដែលរដ្ឋគ្រប់គ្រងតឹងតែង​បំផុតនោះឡើយ។

គួរបញ្ជាក់ថា​ក្រៅតែពីការអំពាវនាវដល់អាជ្ញាធរម៉ាឡេស៊ី ឲ្យប្រគល់​សាកសព​លោក គីម ជុងណាំ ត្រឡប់​ទៅកាន់​កូរ៉េខាងជើងវិញនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​មិនទាន់បាន​បញ្ចេញប្រតិកម្ម​អ្វី ឬក៏ចោទ​ប្រកាន់​នរណាម្នាក់​ចំពោះករណីឃាតកម្ម​កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី​នោះឡើយ។ លោក គីម ជុងណាំ បាន​ទទួលមរណភាព​ដោយសារតែ​ការបំពុល ដែលត្រូវបានអះអាងថា​ជាបឋម​ដោយសមត្ថកិច្ច​ម៉ាឡេស៊ី ខណៈសាកសព​របស់លោកត្រូវបាន​គេរក្សាទុកយ៉ាង​ប្រុងប្រយ័ត្ន៕