(ព្រុចសែល)៖ រដ្ឋមន្រ្តី​ការពារ​ជាតិប្រទេស​ហូឡង់​លោកស្រី Jeanine Hennis-Plasschaert នៅថ្ងៃពុធ​សប្តាហ៍នេះ​បាន​ថ្លែងថា អង្គការណាតូ (NATO) មិនអាច​វិលត្រឡប់​ទៅរកទំនាក់ទំនង​មិត្តភាព​ដែលក្រុម​សម្ព័ន្ធមិត្ត​មួយនេះ ធ្លាប់មាន​ជាមួយនឹង​ប្រទេសរុស្ស៊ី​បានដូចពេល​មុន​ឡើយ​។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនា​ព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយធ្វើការ​អធិប្បាយអំពីគោលជំហរ​របស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ លោកស្រី Hennis-Plasschaert បានថ្លែង​ទៅកាន់​ក្រុមអ្នក​សារព័ត៌មាន​ថា​ អង្គការ NATO និងប្រទេស​រុស្ស៊ីធ្លាប់មាន​ទំនាក់ទំនង​ដ៏ល្អជាមួយនឹង​គ្នា​ក្នុងរយៈ​ពេល​​យ៉ាងយូរ ក៏ប៉ុន្តែ​ស្ថានការណ៍​អាច​មិននៅ​បន្តដូច្នោះ​ដូចដើម​ដដែល​បានឡើយ ដោយសារតែ​ព្រឹត្តិការណ៍​ជាច្រើន​ដែលបាន​កើតឡើង​នា​ពេល​ថ្មីៗ​កន្លងទៅ​នេះ ដែលការ​លើកឡើងបែបនេះ​លោកស្រីរដ្ឋមន្រ្តី​ការពារជាតិ​ហូឡង់ ចង់សំដៅ​លើការរួបរួម​របស់តំបន់​គ្រីមៀ​ជាមួយរុស្ស៊ី ព្រម​ទាំង​ការចោទ​ប្រកាន់​ដែលថា​រុស្ស៊ីបានចូលជ្រៀតជ្រែក​ក្នុងបញ្ហាជម្លោះ​នៅភាគខាងកើតប្រទេស​អ៊ុយក្រែន។

ដោយឡែកនៅ​ដើមសប្តាហ៍នេះ​អគ្គលេខាធិការ​នៃអង្គការ NATO លោក Jens Stoltenberg បាននិយាយថា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​លោក ដូណាល់ ត្រាំ ក៏ដូចជារដ្ឋមន្រ្តី​ការពារជាតិ​លោក James Mattis និងរដ្ឋមន្រ្តី​ការបរទេស​លោក Rex Tillerson បានប្រាប់​អង្គការ NATO ថារូបលោក​ទាំងបី​មានការគាំទ្រ​ទាំងស្រុង​ចំពោះ «មធ្យោបាយផ្លូវពីរ» ស្តីពីការ​ការពារខ្លួន​ផង​និងបង្កើតកិច្ចសន្ទនា​ផងក្នុងពេល​ជាមួយគ្នា។

គួរបញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ២០១៤មក ទំនាក់ទំនង​រវាងប្រទេសរុស្ស៊ី​ និងសហភាពអឺរ៉ុប​ក៏ដូចជា​សហរដ្ឋអាមេរិក បានធ្លាក់ចុះដុន​ដាប​យ៉ាង​ខ្លាំង​នៅចំពោះមុខ​វិបត្តិដ៏រ៉ាំរ៉ៃ​ក្នុងប្រទេស​អ៊ុយក្រែន។ ម៉្យាងវិញ​ទៀត​ទីក្រុង​ព្រុចសែល និងវ៉ាស៊ីនតោន​ព្រមទាំងសម្ព័ន្ធ​មិត្ត​ដទៃទៀត​របស់ពួកគេ បាន​រួមគ្នា​ដាក់ទណ្ឌកម្ម​ជាច្រើនលើក​ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ សម្អាង​លើលែស​ថារុស្ស៊ីបានចូល​លូកដៃ​ក្នុងវិបត្តិនៅ​អ៊ុយក្រែន ដែលជា​ការចោទ​ប្រកាន់​រុស្ស៊ីផ្ទាល់​បានច្រាន​ចោល​ជាដដែលៗ ហើយរុស្ស៊ី​ក៏បានចាត់​វិធានការ​ឆ្លើយតបទៅវិញ​ចំពោះ​ប្រទេស​ទាំងឡាយណាដែលបាន​ដាក់​ទណ្ឌកម្មមកលើខ្លួនផងដែរ។ ក្រោយមក​អង្គការ NATO បាននិង​កំពុងខិតខំ​បង្កើនកម្លាំង​យោធាយ៉ាង​ខ្លាំងនៅអឺរ៉ុប ជាពិសេសគឺ​នៅ​​តាម​ប្រទេសស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​តែម្តង ដែលមាន​ព្រំដែនជាប់​ប្រទេស​រុស្ស៊ី៕