(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅយប់​ថ្ងៃព្រហស្បតិ៍​បានថ្លែងធ្ងន់ៗថា រូបលោក​នឹងលាលែងពី​តំណែងភ្លាមៗ បើសិនជា​សមាជិក​សភាជាតិ​លោក អាន់តូនីញ៉ូ ទ្រីលឡាណេស (Antonio Trillanes) អាចបញ្ជាក់បាន​ថា​ លោកប្រធានាធិបតី​​ធ្លាប់មានលុយ​ដល់ទៅពីរពាន់លាន​ប៉េសូ ដែលស្មើ​នឹង៤០.០៦ដុល្លារ​ដែលត្រូវបាន​លាក់បាំងទុក​នៅក្នុងគណនី​ធនាគារ​មែននោះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនា​ព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា «បើសិនជាលោក ទ្រីលឡាណេស អាចរក​ភស្តុតាង​បញ្ជាក់ពី​ការអះអាង​របស់លោក​បានថា​ ខ្ញុំធ្លាប់​​មាន​លុយ​​​ពីរពាន់លាន​ប៉េសូ ឬមួយក៏​គណនីធនាគារ​ដែលស្ថិតក្រោម​ឈ្មោះកាន់កាប់​របស់ខ្ញុំ នាពេល​មួយ​មានប្រាក់​សរុបត្រឹមតែ​ ៥០០លាន​ប៉េសូ​ក៏​ដោយ​នោះ រូបខ្ញុំ​នឹងចុះចេញពី​តំណែងជា​ប្រធានាធិបតី​ហ្វីលីពីន​ភ្លាមៗតែម្តង»

គួរបញ្ជាក់ថា​នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញជា​មួយគ្នានោះ លោក Antonio Trillanes ជាអ្នក​នយោបាយ​ដ៏កម្រមួយរូប​ដែលជា​​ធម្មតា​ហ៊ាន​​ចេញ​មុខ​បង្ហាញ​ការ​ជំទាស់​នឹង​​លោក​ប្រធានាធិបតី​​ដ៏មាន​ប្រជា​ប្រិយភាព​នោះ បានបញ្ចេញ​នូវឯកសារ​ថតចម្លង​នៃរបាយការណ៍​​ធនា​គារ​​ចាប់​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ២០១៥ មានទឹក​​ប្រាក់​​សរុប​ចំនួន២.៤ពាន់​លានប៉េសូ (ស្មើនឹង​៤៨​​​លាន​ដុល្លារ) ​នៅក្នុង​គណនី​ជាច្រើនខុសៗ​គ្នា ដែលលោក Trillanes បានអះអាងថា​គឺជារបស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ផ្ទាល់ និងជា​ទ្រព្យសម្បត្តិ​​ដែល​​​រូប​លោក​​មិន​បាន​ធ្វើ​ការ​ប្រកាស​​ឲ្យ​សាធារណជន​ហ្វីលីពីនបានដឹង នៅមុន​ការ​បោះ​ឆ្នោត​កាលពីខែ​ឧសភា ឆ្នាំ២០១៦​កន្លងទៅនេះ។

យោងតាមឯកសារ​ថតចម្លង​ខាងលើដែល​លោក Trillanes បានបញ្ចេញ​គណនីធនាគារ​មួយចំនួន​គឺជា​ប្រភេទគណនី​រួម​ដែល​លោក ឌូតឺតេ បានគ្រប់គ្រង​ជាមួយបុគ្គល​ជិតស្និទ្ធ​នឹងលោក​រួមមាន​ទាំងសាច់ញាតិ​ផងដែរ។ រីឯខ្លះទៀត​គឺជា​ប្រភេទគណនី​ផ្ទាល់ខ្លួន​ដាច់ដោយ​ឡែក​ស្ថិត​​ក្រោម​ឈ្មោះមនុស្ស​ជំនិតដទៃៗ​ទៀត ប៉ុន្តែលោក Trillanes បាននិយាយ​ថា​គណនីធនាគារ​ទាំងអស់នេះ សូម្បីតែ​គណនីទាំងឡាយ​ណា​ដែល​មិន​មាន​​ឈ្មោះលោក ឌូតឺតេ ក៏ដោយ​គឺធាតុពិត​សុទ្ធសឹង​តែជារបស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ផ្ទាល់។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយលោក Antonio Trillanes បានសង្កត់ធ្ងន់ថា «បើសិនជា​ការចោទប្រកាន់​របស់ខ្ញុំ​វាផ្ទុយ​ស្រឡះ​ពីការពិតវិញ​​នោះ រូបខ្ញុំនឹងលាលែង​ពីតំណែងជាសមាជិក​សភាភ្លាមៗ​តែម្តង»៕​