(គូឡាឡាំពួរ)៖ សន្តិសុខ​នៅតាមច្រក​ចេញចូល​ទំាងអស់នៅក្នុង​ប្រទេសម៉ាឡេស៊ី ត្រូវបាន​រឹតបន្តឹង​យ៉ាងខ្លាំង​បន្ទាប់ពី​បងប្រុស​ម្ដាយទី​ទៃរបស់​លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបា​គេធ្វើឃាត​កាលពី​​ថ្ងៃចន្ទដើម​សប្ដាហ៍​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញវិធានការ​សន្ដិសុខនេះ​ដែរ​មេបញ្ជាការប៉ូលិសខេត្ត Selangor លោក Abdul Samah Mat បានឱ្យ​ដឹងថា ប៉ូលិសម៉ាឡេស៊ី​កំពុងរឹតបន្តឹង​សន្តិសុខ​ក្នុងកំរិត​ខ្ពស់ ដើម្បីឃ្លាំ​មើល​រាល់ការ​ចេញចូល​របស់​អ្នកដំណើរ​នៅតាម​ច្រកចេញ​ចូល​នៃអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ (KLIA) និងអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុងគូឡាឡាំពួរ២ (​KLIA2) ហើយ​ដែលការ​ធ្វើបែបនេះ​មានគោល​បំណង​​ទប់ស្កាត់​មិនឱ្យ​ជនសង្ស័យ​ដ៏ទៃទៀត​ពាក់ព័ន្ធនឹង​ករណី​ឃាតកម្ម​លើ​លោក គីម ជុងណាំ រត់ចេញពីប្រទេស។

លោក Abdul Samah បន្ថែមទៀតថា អាជ្ញាធរក៏​កំពុងរង់ចំា​ផងដែរ​នូវចម្លើយពីភាគី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីស្ដីពី​សំណើសុំកិច្ច​សហប្រតិបត្តិការ និងជំនួយ​សម្រាប់ការ​ស៊ើបអង្កេត​នៅក្នុងករណីឃាតកម្ម​ដ៏រសើបនេះ។

គួររំលឹកថា​បើតាមប្រភព​ជាច្រើន លោក គីម ជុងណាំ ត្រូវបាន​គេបំពុលឱ្យស្លាប់នៅឯអាកាស​យានដ្ឋាន​ទីក្រុង​គូឡាឡាំពួរកាលពីថ្ងៃចន្ទ ដោយស្រ្តី​ជាជនសង្ស័យពីរនាក់ ដែលកំពុង​ជាប់ឃុំ ខណៈសព​លោក គីម កំពុងស្ថិតនៅ​ក្រោមការធ្វើ​កោសល្យវិច័យ​នៅឡើយ៕