(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក​របស់លោក ដូណាល់ ត្រាំ ដែលទើបតែ​បានចាត់ទុកអ៊ីរ៉ង់​នាពេលថ្មីៗ​នេះថាជា «រដ្ឋនៃពួកភេរវករ» កំពុងគិតគូរជំរុញឱ្យបណ្ដា​ប្រទេសអារ៉ាប់​បង្កើតប្លុកយោធា​មួយ (ឬអង្គការ​សម្ព័ន្ធ​ភាពយោធាយកគំរូតាមអង្គការណាតូ) ដើម្បី​ប្រឈមមុខ​នឹងទីក្រុង​តេហេរ៉ង់ ដែលជា​បន្លានៅ​ក្នុងទ្រូង​សម្រាប់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ត្រូវតែដកចេញ​នៅថ្ងៃ​ណាមួយ។ នេះបើ​តាម​កាសែត Washington Post​ ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ប្រភពដែល Washington Post ទទួលបាន​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេស​អារ៉ាប់​មួយចំនួន កំពុងស្ថិត​នៅក្នុង​ដំណាក់​កាលចរចា​ស្ដីពីការ​បង្កើត​សម្ព័ន្ធភាព​យោធាថ្មី​មួយ នៅក្នុងតំបន់​មជ្ឈិមបូព៌ា ដោយយក​គំរូតាម​អង្គការណាតូ ពោលគឺ​នៅក្នុងករណី​មានការ​វាយប្រហារ​ប្រឆាំងនឹង​សមាជិកណាមួយ​របស់ខ្លួននោះវាមានន័យស្មើ​នឹងការវាយប្រហារ​លើសមាជិក​ទំាងអស់​តែម្ដង។ ប្រភពដដែល​បញ្ជាក់​ទៀតថា អង្គការសម្ព័ន្ធភាព​យោធាថ្មី​នេះ គួរតែមានការចូលរួមពី​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត, អេមីរ៉ាត់ អារ៉ាប់រួប, អេហ្ស៊ីប និងហ្ស៊កដានីជាដើម​ក្នុងកម្មវត្ថុរួម​នោះគឺប្រឆាំង​នឹងអ៊ីរ៉ង់។

ទោះបីជាយ៉ាងណា​ខាងទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតប​នឹងការលើកឡើងនេះ​នៅឡើយទេ។ ម្យ៉ាងវិញទៀត​បើសិនជារដ្ឋបាល​លោកត្រាំ ចង់បង្កើត​ប្លុកយោធានេះ​មែននោះ ជាដំបូងត្រូវតែ​លុបចោល ច្បាប់អនុញ្ញាត​ឱ្យគ្រួសារសាច់​ញាតិជនរងគ្រោះ​ដាក់ពាក្យប្ដឹង​ អារ៉ាប៊ី សាអ៊ូឌីត រឿងភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាមុនសិន។ ច្បាប់នេះត្រូវ​បានអនុម័ត​ដោយរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក និងមហាអំណាចអារ៉ាប់មួយនេះ មិនសូវរលូន៕