(ប៊ែរឡាំង)៖​ប្រមុខការទូត​សហរដ្ឋអាមេរិក​លោក រិច ធីល្លឺសុន បានសន្យាថា​ទីក្រុងវ៉ាស៊ីនតោន នឹង​ប្រើប្រាស់​គ្រប់​អាវុធ ឬវិធានាការ​ទំាងអស់​ដែលខ្លួនមាន​ក្នុងនោះរួមមាន​ទំាងអាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ដូចជា​កូរ៉េខាងត្បូង និងជប៉ុនពីការគំរាមកំហែង​ណាមួយពី​សំណាក់​កូរ៉េខាងជើង នៅក្នុង​ករណី​ចាំបាច់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការថ្លែង​បែបនេះ​របស់លោក ធីល្លឺសុន ធ្វើឡើង​នៅក្រោយ​ជំនួបជា​មួយ​សមាភាគីកូរ៉េខាងត្បូង និងជប៉ុន នៅក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ G20​ នៅទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ បានបញ្ជាក់​ដូច្នេះថា «សហរដ្ឋអាមេរិក​នៅតែ​រក្សាការ​សន្យា និងការប្ដេជ្ញា​ចិត្ត​ការពារ​សម្ព័ន្ធមិត្ត តូក្យូ និងសេអ៊ូល ក្នុងនោះ​រួមមានទាំង​ការការពារធម្មតា និងដោយ​សមត្ថភាព​ការពារ​ដោយអាវុធ​នុយក្លេអ៊ែរ នៅក្នុងករណី​ចាំបាច់»

គួរបញ្ជាក់ថារដ្ឋមន្ត្រី​ការបរទេស​ទាំងបី ក៏បានថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការបាញ់​សាកល្បង​មីស៊ីលផ្លោង​ដោយទីក្រុង​ព្យុងយ៉ាង​កាលពី​សប្ដាហ៍​មុន ដែលអាចហោះបានចំងាយ៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូល​ទៅក្នុងសមុទ្រ​ជប៉ុន។ ដោយឡែកបន្ទាប់ពីការ​ធ្វើតេស្ដនេះដែរ ប្រធានាធិបតី​អាមេរិក បាននិយាយថា​កូរ៉េខាងជើងគឺជា​បញ្ហាដ៏ធំ ហើយបញ្ហានេះ​នឹងត្រូវដោះស្រាយ​ដោយវិធានការ​យ៉ាងតឹងរ៉ឹង។ ទោះបីជាយ៉ាងនេះក្ដី​ករណីប្រើប្រាស់កម្លាំងយោធា​ទៅលើរបបដឹកនាំលោក គីម ជុងអ៊ុន ទំនងជា​នឹងមិនអាច​កើតឡើង​នោះឡើយ ត្បិតសហរដ្ឋអាមេរិក​មិនចង់ប្រឈមមុខ​ជាមួយចិន ដែលនៅចាំ​ការពារកូរ៉េខាងជើងយ៉ាងប្រាកដ៕