(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ពួកគេនឹងមិនចូលជ្រៀតជ្រែកឡើយ ក្នុងការស៊ើបអង្កេតទៅ​លើ​រូប​ស្រី្ត​ម្នាក់​កាន់លិខិតឆ្លងដែនឥណ្ឌូណេស៊ី ដែលជាប់សង្ស័យក្នុងសំណុំរឿងឃាតកម្មរបស់លោក គីម ជុងណាំ ជាបងប្រុសម្តាយ​ទី​ទៃនៃ​មេ​ដឹក​នាំ​កំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រធានអង្គភាពប៉ូលិសផ្នែកខាងទំនាក់ទំនងសាធារណៈ នៃប្រទេសឥណ្ឌូណេស៊ីលោក Boy Rafli Amar បានថ្លែងថា ឥណ្ឌូណេស៊ីមានការ​​គោរពត្រឹមត្រូវចំពោះ នីតិវិធីច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយនឹងទុកឲ្យ អាជ្ញាធរម៉ាឡេស៊ីជាអ្នកបើកការ ស៊ើបអង្កេតទៅលើករណីនេះ។ លោក Amar បាននិយាយដូច្នេះថា «នៅក្នុងទិដ្ឋភាពផ្នែកច្បាប់ ដរាបណាពុំមានការស្នើសុំជំនួយទេនោះ យើងនៅតែបន្តគោរពតាមនីតិវិធី​​ច្បាប់ ដែលត្រូវបានអនុវត្តន៍ ចំពោះជនជាតិរបស់យើងនៅក្នុងប្រទេសដទៃ»

គួរបញ្ជាក់ថា មកទល់ពេលនេះមានការបញ្ជាក់ច្បាស់ហើយថា នៅក្នុងចំណោមស្រ្តីពីរនាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញ ករណីឃាតកម្មខាងលើ​គឺជាមានស្រ្តី ជនជាតិឥណ្ឌូណេស៊ីវ័យ២៥ឆ្នាំម្នាក់ ដែលមានឈ្មោះថា Siti Aishah ខណៈស្រ្តីម្នាក់ទៀតដែលត្រូវបាន ឃាត់ខ្លួនដំបូងគេមានកាន់ លិខិត​ឆ្លងដែនវៀតណាម។

យោងតាមប្រធានទីភ្នាក់ងារចារកម្មកូរ៉េខាត្បូង ស្រ្តីសង្ស័យទាំងពីរនាក់ខាងលើ បានស្ទាក់ផ្លូវលោក គីម ជុងណាំ ដែលជាជនរងគ្រោះ​​កាលពី​ថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលដែលរូបលោកបានត្រៀមខ្លួន ចាកចេញពី ព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី តាម​ជើង​ហោះហើរទៅកាន់ទីក្រុងម៉ាកាវ នៃប្រទេសចិន។ ជាមួយគ្នានេះមន្រ្តីប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា លោក គីម ស្ថិតក្នុងវ័យ៤៥ឆ្នាំ កំពុងដើរ​ឆ្លងកាត់សាលចាកចេញដំណើរ នៅពេលដែលរូបលោកត្រូវគេធ្វើឃាត ហើយលោក គីម បានបាត់បង់ជីវិតនៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរ​ពេទ្យ៕