(ការ៉ាកាស)៖ រដ្ឋាភិបាលរបស់ប្រទេសវេណេស៊ុយអេឡា បានសម្រេចបញ្ឈប់ដំណើរការនៃប៉ុស្តិ៍ទូរទស្សន៍ ​និង​​សារ​ព័ត៌​មាន​ CNN ជាភាសាអេស្ប៉ាញ នៅទូទាំងប្រទេសទាំងមូលចាប់ពីពេលនេះតទៅ ដោយចោទថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនេះ​​​បាន​​ធ្វើ​​សេច​ក្តី​រាយការណ៍ព័ត៌មានមិនពិត និងញុះញង់ ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យរបស់​ប្រជាជន​វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

រដ្ឋាភិបាលវេណេស៊ុយអេឡាត្រូវគេរាយការណ៍ថា បានបើកការស៊ើបអង្កេតទៅលើកិច្ចការ​ផ្សេងៗរបស់ប៉ុស្តិ៍ទូរទស្សន៍ CNN ជា​ភា​សា​អេស្ប៉ាញ​នេះកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ថា បានចែកចាយសេចក្តីរាយការណ៍មិនពិតប្រាកដ ស្តីពីអំពើហិង្សានៅក្នុង​ប្រទេស​នៃតំបន់​អាមេរិកខាងត្បូងមួយនេះ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Madura បាន​លើក​ឡើង​ថា ប៉ុស្តិ៍ទូរទស្សន៍​សារព័ត៌មានមួយនេះ កំពុងចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសរបស់លោក និងកំពុងបំភ្លៃព័ត៌មានថែមទៀតផង ហើយលោកចង់ឲ្យប៉ុស្តិ៍ទូរទស្សន៍ CNN បាត់ចេញពីប្រទេសវេណេស៊ុយអេឡាជាបន្ទាន់។

គួរបញ្ជាក់ថា ចំណាត់ការខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាមួយរវាងប៉ុស្តិ៍ទូរទស្សន៍ CNN និង CNN ជាភាសាអេស៉្បាញ​បានអះអាងថា រកឃើញភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធការចេញលិខិតឆ្លងដែន និងទិដ្ឋាការវេណេស៊ុយអេឡា ក្នុងស្ថានទូតនៅឯទីក្រុង​បាដាត នៃប្រទេសអ៊ីរ៉ាក់។ ហើយកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅថ្មីៗនេះប៉ុស្តិ៍ CNN ជាភាសាអេស៉្បាញ បានចេញផ្សាយនូវរបាយការណ៍​មួយដែលបានចង្អុលដាក់អនុប្រធានាធិបតី វេណេស៊ុយអេឡាផ្ទាល់គឺលោក Tareck El Aissami ថា ជាអ្នកនៅពីក្រោយខ្នងនៃគំរោងខុសប្រ​ក្រតីនេះ៕