(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋភិបាលទីក្រុងព្យុងយ៉ាង បានប្រារព្ធពីធំរំលឹកខួបទី៧៥ឆ្នាំ នៃអតីតមេដឹកនាំកំពូល​កូរ៉ខាងជើងលោក គីម ជុងអ៊ីល បន្ទាប់ពីកូនប្រុសច្បង​របស់លោកដែលត្រូវជាបង​ប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាតនៅប្រទេសម៉ាឡេ​ស៊ី។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ​ដោយការដក​ស្រង់សេចក្តីរាយការណ៍ព័ត៌មាន​របស់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកកូរ៉េខាង​ជើង។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅ​កាន់វិមាន​រំលឹកខួប Kumsusan Palace of the Sun ដើម្បីសម្តែងការគោរពយ៉ាងជ្រាលជ្រៅ​ចំពោឪពុករបស់លោក​ដែលបានទទួល​មរណភាព​ទៅកាលពីចុងឆ្នាំ​២០១១ នៅក្នុងឱកាសនៃពីធីដ៏សំខាន់បំផុតមួយនេះសម្រាប់ប្រទេសកូរ៉េខាងជើង។ ក្រៅពីនេះ​កូរ៉េខាងជើងបានរៀបចំពីធីជួបជុំដ៏ធំមួយនៅ​​ក្នុង​រដ្ឋធានីព្យុងយ៉ាង ដោយមានការចូលរួម​ពីសំណាក់មន្រ្តីរដ្ឋាភិបាល និងយោធា​ជាច្រើនរូប ក៏ដូចជាលោក គីម ជុងអ៊ុន ផងដែរ ប៉ុន្តែប្រមុខ​ដឹកនាំកំពូលរូបនេះបានបង្ហាញ​វត្តមានទាំងទឹកមុខ​ក្រៀមក្រំ។

គួរបញ្ជាក់ថាពិធីរំលឹកខួបនៃអតីតមេដឹកនាំកូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងនៅរយៈពេលបីថ្ងៃ បន្ទាប់ពីលោក គីម ជុងណាំ ដែល​ត្រូវជាបងប្រុសមានម្តាយទីទៃជាមួយនិងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងផ្ទាល់តែម្តងនោះ ត្រូវបានធ្វើ​ឃាត​នៅឯអាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដោយសារស្ត្រីចំនួនពីរ​ ​ដែលសង្ស័យថា​ជាភ្នាក់ងារចារ​កិច្ចរបស់កូរ៉េខាងជើង បានបំពុលរូបលោក។ ដោយឡែកមកទល់ថ្ងៃព្រហស្បតិ៍នេះស្រ្តីចំនួនពីររូបសង្ស័យជាប់ពាក់​ព័ន្ធនឹងករណីឃាតកម្មនេះ ត្រូវប៉ូលិសម៉ាឡេស៊ីចាប់ឃាត់​ខ្លួនបាន​ហើយ​រួមជាមួយ​ និងជនសង្ស័យម្នាក់ទៀត៕