(ម៉ានីល)៖ សមាជិកសភាហ្វីលីពីនមួយរូបដែលជាអ្នករិះគន់មិន​សំចៃមាត់ទៅលើលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បាន​ធ្វើ​ការ​គាស់​ក​កាយឡើងមកវិញជាសាថ្មីម្តងទៀត នូវបទចោទប្រកាន់ពាក់ព័ន្ធនឹងការលួចលាក់ទ្រព្យ​សម្បត្តិគិតជា​ទឹកប្រាក់​​សរុបរាប់សិបលាន​​ដុល្លារ​ ដែល​​​មេ​ដឹក​​នាំ​កំពូល​នៃ​ប្រទេស​ហ្វីលីពីនរូបនេះ មិនទាន់អាចឆ្លើយបកស្រាយ​ឲ្យបានច្បាស់​លាស់នៅឡើយ ខណៈវាជាការលើក​ឡើងដែល​​​អ្នកគាំទ្រលោក ឌូតឺតេ បាន​​ច្រាន​ចោលថាគ្រាន់តែជាការទាក់​ទាញចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Antonio Trillanes ជាអ្នកនយោបាយដ៏កម្រមួយរូបដែល​ជាធម្មតាហ៊ានចេញមុខបង្ហាញការជំទាស់នឹង​លោកប្រធានាធិបតី​ដ៏មាន​ប្រជា​ប្រិយភាពនោះ បានបញ្ចេញនូវឯកសារថតចម្លងនៃរបាយ​ការណ៍ធនាគារចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ មានទឹក​ប្រាក់​​សរុបចំនួន​៤៨​​លាន​ដុល្លារ​នៅក្នុងគណនីជាច្រើនខុសៗគ្នា ដែលលោក Trillanes បានអះអាងថាគឺជារបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ផ្ទាល់ និងជាទ្រព្យសម្បត្តិ​ដែល​​​រូប​លោក​មិន​បាន​ធ្វើការប្រកាសឲ្យសាធារណជនហ្វីលីពីនបានដឹង នៅមុនការ​បោះ​ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។

យោងតាមឯកសារថតចម្លងខាងលើដែលលោក Trillanes បានបញ្ចេញ គណនីធនាគារមួយចំនួនគឺជា​ប្រភេទគណនីរួម​ដែលលោក ឌូតឺតេ ​បានគ្រប់គ្រងជាមួយបុគ្គលជិតស្និទ្ធនឹងលោករួមមានទាំងសាច់ញាតិផងដែរ។ រីឯខ្លះទៀតគឺជា​ប្រភេទគណនីផ្ទាល់ខ្លួនដាច់ដោយឡែក​ស្ថិត​​ក្រោមឈ្មោះមនុស្សជំនិតដទៃៗទៀត ប៉ុន្តែលោក Trillanes បាននិយាយ​ថាគណនីធនាគារទាំងអស់នេះ សូម្បីតែគណនីទាំងឡាយណា​ដែល​មិន​មាន​ឈ្មោះលោក ឌូតឺតេ ក៏ដោយ គឺធាតុពិត​សុទ្ធសឹងតែជារបស់លោកប្រធានាធិបតីហ្វីលីពីនផ្ទាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយលោក Antonio Trillanes បានសង្កត់ធ្ងន់ថា «បើសិនជាការចោទប្រកាន់​របស់ខ្ញុំវាផ្ទុយ​ស្រឡះពីការពិតវិញ​​នោះ រូបខ្ញុំនឹងលាលែងពីតំណែងជាសមាជិកសភាភ្លាមៗតែម្តង»។ គួរបញ្ជាក់ថាលោក Trillanes ដែលជាអតីតកងទ័ពជើងទឹកមួយរូប ដែល​ធ្លាប់ដឹកនាំការធ្វើរដ្ឋប្រហារបរាជ័យមួយកាលពីឆ្នាំ២០០៣នោះ បានចោទប្រកាន់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កាលពីអំឡុង​យុទ្ធនា​ការ​ឃោ​ស​នា​រក​សំឡេង​ឆ្នោតម្តងរួចមកហើយថាបានលួច​រក្សាទុកគណនី​ធនាគារសម្ងាត់៕