(ហ្សាការតា)៖ ប្រទេសនីមួយៗ​នៅលើពិភពលោក​យើងនេះ​​ ភាគច្រើន​​តែងតែមាន​កន្លែងដែល​ស្អាតៗ និង​គួរ​ឲ្យ​ទាក់​ទាញ​​រៀងៗ​ខ្លួន​ ប៉ុន្តែ​នា​ពេលនេះនៅ​ក្នុងចំណោម​ប្រទេសចំនួន​២០ដែលមាន​ទេសភាពស្អាត​បំផុត​លើលោក ស្កុត​ឡែន​​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​​ជាប្រទេស​​ដែល​មាន​​សម្រស់​ស្រស់​​ស្អាតជាងគេ​បង្អស់ ជាមួយនឹង​ឆ្នេរដ៏ល្អផូរផង់ និង​​បឹង​ក៏​​ដូច​ជា​សមុត្រដ៏ថ្លាឆ្វង់ ព្រម​ទាំង​​ប្រាសាទ​បុរាណ​​ជា​ច្រើន​គួរ​ឲ្យចង់​​​គយ​​គុន​​ថែម​ទៀត​ផង។ នេះបើ​តាមការ​ចេញផ្សាយដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនា​ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាបញ្ជី​សម្រិតសម្រាំងប្រទេស​ទាំង២០ដែលមាន​ទេសភាពស្អាតជាងគេ​បំផុតនៅ​លើពិភពលោក​ខាងលើនេះ ត្រូវ​បាន​ធ្វើ​​ឡើង​​ដោយ​គេហ​ទំព័រ​មគ្គុទេសក៍នៃការធ្វើដំណើរ​ទេសចរណ៍ Rough Guides ដែលមាន​មូលដ្ឋាននៅក្នុង​ទីក្រុងឡុងដ៍​នៃចក្រភពអង់គ្លេស។ ដោយឡែក​លេខរៀងបន្ត​បន្ទាប់បានទៅ​លើកាណាដា (លេខពីរ), នូវែលសេឡង់ (លេខបី), អ៊ីតាលី (លេខបួន), និងអាហ្រ្វិកខាងត្បូង (លេខប្រាំ) ខណៈនៅក្នុង​ប្រទេសចំនួន២០នេះ​ក៏មានប្រទេសអាស៊ីអាគ្នេយ៍​ចំនួនពីរ​ផងដែរគឺ ឥណ្ឌូណេស៊ី​ដែលស្ថិតនៅលេខរៀង​ទី០៦ និងប្រទេសវៀតណាម​ដែលជាប់លេខរៀង​ទី២០ចុងក្រោយគេ៕