(សេអ៊ូល)៖ ការិយាល័យ​ស៊ើបការសម្ងាត់​ទូទៅ​នៃទីភ្នាក់ងារចារកម្ម​កូរ៉េខាងជើង បានផ្លាស់ប្ដូរ​យុទ្ធសាស្ត្រថ្មី តាមរយៈការជ្រើសរើស​ស្ត្រីមាន​រូបសម្បត្តិ ទាក់ទាញ​កាន់តែច្រើន​ឡើង​ឱ្យចូលបម្រើ​ការងារ​នៅទីភ្នាក់ងារ​ចារកម្ម ហើយដែលការ​លើកបែបនេះធ្វើឡើង​បន្ទាប់ពី​មានករណីឃាតកម្ម​លើបងប្រុសរបស់ លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ​ដើមសប្ដាហ៍នេះ ដោយស្ត្រីពីរនាក់​ជាប់សង្ស័យថាជាភ្នាក់ងារសម្ងាត់កូរ៉េខាងជើង។ នេះបើតាម​របាយការណ៍​មួយចុះផ្សាយបន្ត​ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្អែកលើរបាយការណ៍ខាងលើបានឱ្យដឹងទៀតថា បើតាមជន​សុំសិទ្ធិជ្រកកោន​កូរ៉េខាងជើងម្នាក់ដែលធ្លាប់​មានជាប់​ពាក់ព័ន្ធ​នឹងការិយាល័យ​ស៊ើបការ​សម្ងាត់​ទូទៅ បច្ចុប្បន្ន​ទីក្រុងព្យុងយ៉ាង​កំពុងបង្កើន​ចំនួនស្ត្រី​កាន់តែច្រើនឡើង នៅក្នុងជួរ​មន្ត្រីភ្នាក់ងារ​ចារកិច្ច គិតចាប់​តាំងពីការ​រិយាល័យនេះចាប់ផ្ដើមធ្វើ​សកម្មភាព​នៅឆ្នាំ២០០៩។ ដោយឡែក​ជុំវិញ ការលើក​ឡើងនេះដែរ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កូរ៉េខាងជើង​ពិភពលោក​ក្នុងទីក្រុង​សេអ៊ូល លោក អាន់ ចាន់អ៊ីល (Ahn Chan-il) ក៏បាន​បញ្ជាក់ដែរ​ថា កូរ៉េខាងជើង​ធ្លាប់ត្រូវគេដឹងថា បានជ្រើសរើស​និងចូលចិត្ត​ប្រើប្រាស់​ទីភ្នាក់ងារ​ចារកិច្ច​ជាស្ត្រីនៅ​ក្នុងការ​លួចធ្វើឃាត​ដោយ​ប្រើថ្នាំ​បំពុល ជាជាង​ទីភ្នាក់ចារកិច្ច​ជាបុរស ដែលប្រើប្រាស់​កាំភ្លើង និងកូនកាំបិត​ដើម្បី​សម្លាប់​មនុស្ស។

គួរជំរាបជូនថា​ទីភ្នាក់ងារចារកិច្ច​ស្ត្រីកូរ៉េខាងជើង​ល្បីល្បាញជាងគេ​មានដូចជានាង គីម យ៉ុនហ៊ុយ (Kim Hyon-hui) និងនាង វ៉ុន ជុងវ៉ា (Won Jeong-hwa)។ នាងគីម យ៉ុនហ៊ុយ ត្រូវបានគេ​ស្គាល់បន្ទាប់ពីរូបនាង​បានចូលរួមនៅ​ក្នុងប្រតិបត្តិការបំផ្ទុះ​យន្ដហោះដឹកអ្នកដំណើរ​មួយគ្រឿងនៃ​ក្រុមហ៊ុនអាកាស​ចរណ៍ Korean Air ក្នុងផ្លូវធ្វើហោះហើរ​ពីទីក្រុងបាកដាដ ទៅកាន់ទីក្រុងសេអ៊ូល កាលពីឆ្នាំ១៩៨៧។ ចំណែកឯ នាងវ៉ុន ជុងវ៉ា ត្រូវបាន​ចាប់​​ខ្លួនកាលពី​ខែកក្កដា ឆ្នាំ២០០៨ ក្រោយពី​បានបន្លំខ្លួន​ចុះចូលជាមួយ​ទីក្រុងសេអ៊ូល ដើម្បីលួច​ប្រមូលព័ត៌មាន​យោធា​ពីមន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង៕