(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី​នៅមុននេះ​បន្តិច បានចាប់​ជនសង្ស័យទីបី​ក្នុងករណី​ធ្វើឃាត​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ នោះហើយ​ដោយជនទីបី​ដែលត្រូវបាន​ចាប់ខ្លួន និងដាក់ឃុំជា​បណ្តោះ​អាសន្ននោះ​មានអាយុ ២៦ឆ្នាំ ជាជនជាតិម៉ាឡេស៊ីផ្ទាល់​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​នៅមុន​នេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

មេបញ្ជាការប៉ូលិសនៃរដ្ឋ Selangor នៃប្រទេស​ម៉ាឡេស៊ីលោក Abdul Samah Mat បាន​ប្រាប់ស៊ិនហួរ​ដោយផ្ទាល់​ទៀតថា បុរសជនជាតិ​ម៉ាឡេស៊ីខាងលើនេះ​ត្រូវបានចាប់ខ្លួន​នៅទីក្រុង Ampag នៃរដ្ឋ​ Selangor តែម្តង​ដែលត្រូវបានគេ​ជឿជាក់ថា​ ជាមិត្តប្រុសរបស់ស្ត្រី​ជាជនសង្ស័យទីពីរ ដែលត្រូវ​បានចាប់ខ្លួន​​កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ និងកាន់លិខិតឆ្លង​ដែនឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា​ក្រៅពី​ការចាប់ និងឃុំខ្លួន​ជនសង្ស័យដែល​មានជាប់ពាកព័ន្ធ​នឹងករណីធ្វើឃាត​បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំ​កំពូលកូរ៉េខាងជើង​នេះ ប៉ូលិសម៉ាឡេស៊ី​មិនទាន់បាន​បញ្ជាក់ពីប្រវត្តិ ឬមួយក៏ការ​សួរចម្លើយ​នឹងត្រូវធ្វើ​ឡើងនៅពេល​ណានោះឡើយ ហើយគេ​ក៏មិនទាន់ច្បាស់​ដែរថា​ តើជនសង្ស័យ​សរុប​មានប៉ុន្មាន​នាក់។ ជនសង្ស័យទី​មួយ​ត្រូវបានចាប់​ខ្លួនកាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​ដែលជាស្ត្រី​កាន់លិខិតឆ្លងដែន​វៀតណាម ខណៈជនសង្ស័យ​ទីពីរ​ក៏ជាស្ត្រី​ប៉ុន្តែកាន់លិខិតឆ្លង​ដែនឥណ្ឌូណេស៊ី និងជន​សង្ស័យទីបី​​នេះ​ជាបុរស​ជនជាតិ​ម៉ាឡេស៊ី​ដែលត្រូវបានចាប់​ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈនេះដូចគ្នា។

លោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា ត្រូវបានគេបំពុលឲ្យស្លាប់នៅព្រលានយន្តហោះ​ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ហើយប្រទេស​កូរ៉េខាងត្បូង និងអាមេរិកដែល​ជាអ្នកដឹងរឿង​សម្ងាត់កូរ៉េខាងជើង​ច្រើនជាងគេ​នោះ បានចោទទាំងស្រុង​ទៅលើរបបដឹកនាំ​លោក គីម ជុងអ៊ុន តែម្តងថា​ជាអ្នកបានរៀបចំ​គំរោងសម្លាប់​សាច់ឈាម​ឯងនេះ៕