(អាមេរិក)៖ អាជ្ញាធរ​សហរដ្ឋអាមេរិក​ចេញសេចក្តីប្រកាស​ថា​ ពលរដ្ឋកាលី​ហ្វរញ៉ាចំនួន​១៨៨,០០០នាក់ ដែលត្រូវ​បានជម្លៀសខ្លួន​ចេញជា​​បន្ទាន់​ដោយសារតែ​បញ្ហានៃទំនប់​វារីអគ្គិសនី​ក្នុងទីក្រុង Oroville អាចធ្វើដំណើរ​ត្រឡប់ទៅកាន់លំនៅឋាន​របស់ពួកគេបានវិញ​ហើយ បន្ទាប់​​ពី​បានភៀស​ខ្លួនអស់រយៈពេល​ជាច្រើនថ្ងៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនារសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅប៉ុន្មានថ្ងៃកន្លងទៅនេះ​អាជ្ញាធររដ្ឋកាលីហ្វរញ៉ា​បានប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ និង​រថយន្ត​ដឹកដីជាច្រើន​គ្រឿង ដើម្បីធ្វើការ​លុបបំពេញ​ចន្លោះ​ប្រហោង​នៅក្នុងទំនប់វារី​អគ្គិសនី​ និងបង្ហែរទិសដៅ​នៃ​ចរន្តទឹកហើយ​ពួកគេ​បានខិតខំប្រឹង​ប្រែងធ្វើការ​ទាំងយប់​ទាំងថ្ងៃ ដើម្បីកាត់​បន្ថយកម្រិត​ទឹកឲ្យ​បានមុនពេលមាន​ការ​ធ្លាក់​ភ្លៀង​ដែលត្រូវបាន​គេព្យាករណ៍ថា​ នឹងចាប់​ផ្តើមពីថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅ​សហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា​ទំនប់វារីអគ្គិសនី Oroville Dam ដែលមាន​កម្ពស់ខ្ពស់ជាងគេ​បំផុតនៅអាមេរិក បានប្រេះធ្លាយ​នៅថ្ងៃអាទិត្យ​សប្តាហ៍មុននេះ នៅ​ពេលមាន​ចន្លោះប្រហោង​ដែលគេជឿជាក់​បង្កឡើងដោយ​ការសឹក​រិចរឹលនោះ បានកើតមាន​នៅក្នុងចក្រ​ផ្លូវបង្ហូរ​ទឹកនៃទំនប់​វារីអគ្គិសនី​មួយនេះ​។ ដូច្នេះជា​វិធានបង្ការ​ជាបន្ទាន់​ អាជ្ញាធរ​ក្នុងតំបន់បានចេញ​សេចក្តីប្រកាស​ឲ្យមានការ​ជម្លៀសខ្លួន​ទ្រង់ទ្រាយធំ​ភ្លាមៗ នៅតាម​តំបន់ចំនួនបី​​នៅ​ភាគ​ខាងជើង​រដ្ឋកាលីហ្វរញ៉ា ដែល​ស្ថិត​​នៅក្រោម​ខែ្សទឹកហូរ ៕