(វែលីងតោន)៖ ក្រុមភ្នាក់ងារ​ពន្លត់អគ្គីភ័យ​រាប់រយនាក់​ និងយន្តហោះ​ជាច្រើន​គ្រឿងបាននិង​កំពុងបន្ត​ព្យាយាមពន្លត់ភ្លើង​ឆេះព្រៃ​ដ៏សន្ធោ​សន្ធៅ​មួយ ដែលកំពុង​បង្កការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់ទីក្រុង Christchurch ដែលប្រជាជនរស់នៅ​ច្រើនបំផុតនៅ​ប្រទេសនូវែល​សេឡង់។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិច​​នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ក្រុមការងារ​សង្រ្គោះបន្ទាន់​ភ្លើងឆេះព្រៃ​នៅក្នុង​សង្កាត់ Port Hills នៃទីក្រុង Christchurch បានបន្ត​រីករាលដាល​យ៉ាងឆាប់រហ័ស​​បំផុត​នៅលើ​ផ្ទៃដី​ប្រមាណ១,៨០០ហិកតា ហើយ​មនុស្ស​មិនតិច​ជាង១,០០០នាក់ឡើយ​ ត្រូវបាន​ជម្លៀសខ្លួន​ចេញពី​លំនៅឋាន​របស់ពួកគេ និងផ្ទះចំនួន១១ខ្នង​បានទទួល​រងការបំផ្លិចបំផ្លាញ​ទាំងស្រុង ជាមួយនិង​ការប្រកាស​អាសន្នកម្រិតធ្ងន់​ត្រូវបានដាក់ចេញ។

នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោក Bill English បានឲ្យដឹងថា​វាអាចចំណាយ​ពេលដក់ទៅ​មួយសប្តាហ៍ ដើម្បីអាច​ពន្លត់អគ្គិភ័យនេះ​បាន​ទាំង​ស្រុង ក៏ប៉ុន្តែ​ក្រុមភ្នាក់ងារ​ពន្លត់អគ្គិភ័យបានទប់ស្កាត់​លែងឲ្យវា​រីករាលដាល​កាន់តែខ្លាំង​ទៀតហើយនៅ​ថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែក​មូល​ហេតុ​​ដែលបានបង្ក​ជាភ្លើងឆេះព្រៃ​នេះពុំទាន់ត្រូវបានដឹងច្បាស់​នៅឡើយទេ ខណៈអាជ្ញាធរ​កំពុងតែបន្ត​ធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា​នៅថ្ងៃអង្គារសប្តាហ៍​នេះ អាកាសយានិក​ម្នាក់​បានបាត់បង់ជីវិត​​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​​បានធ្លាក់ ខណៈពេល​ដែល​កំពុង​ជួយធ្វើការ​ពន្លត់​អគ្គីភ័យ​​នៅតាមជម្រាល​​ភ្នំ​ជុំវិញទីក្រុង Christchurch ដែលបាននិង​​កំពុងបន្តទទួល​រង​អាកាសធាតុ​ក្តៅ​​ស្ងួត​ហួត​ហែង​​​នៃ​​រដូវ​​ក្តៅ​​​នៅ​ភាគខាងត្បូង​ប្រទេស​​នូវែលសេឡង់​​៕