(​វ៉ាស៊ីនតោន)៖ អតីតមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក លោក John Carlin ដែលធ្លាប់​ម្រើការ នៅក្រោម​រដ្ឋបាល​លោក អូបាម៉ា បាននិយាយថា បណ្ដា​ប្រទេសនៅអឺរ៉ុប​គួរតែត្រៀមខ្លួន​ឱ្យហើយ ដើម្បីឆ្លើយតប​ទៅនឹងចេតនា​របស់រុស្ស៊ី និងបុគ្គលឬក៏រដ្ឋដ៏ទៃទៀត​​ជុំវិញការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ​ក្នុង តាមរយៈ​ការវាយប្រហារ​ព័ត៌មានវិទ្យា ឬ Hack លទ្ធផល​បោះឆ្នោត​​របស់​ពួកគេ។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់​លោក John Carlin ធ្វើឡើង​នៅក្នុងសន្និសីទមួយស្ដី​ពី​សន្តិសុខ​ព័ត៌មាន​វិទ្យាកាល​ពីថ្ងៃពុធ ដោយ​លោក Carlin បានកត់​សម្គាល់ ដែរថា​សហរដ្ឋអាមេរិក មិនបាន​ធ្វើការឆ្លើយ​តប​គ្រប់គ្រាន់​ឡើយ ទៅនឹងការ Hack សារអេឡិច​ត្រូនិច របស់ក្រុម​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​អំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ២០១៦។

លោក Carlin លើកឡើង​ដូច្នេះថា «អ្វីដែលយើងបានធ្វើ​គឺវាយឺតពេល​ណាស់ទៅ​ហើយ (...) មុននឹងការ​បោះឆ្នោត​មកដល់វាពិតជា​មានសារៈសំខាន់​ណាស់ តែមិនមែន​សម្រាប់​សហរដ្ឋអាមេរិក តែម្នាក់ឯងនោះ​ទេ​ពោលគឺវា​ក៏ចាំបាច់ចំពោះដៃគូរបស់យើង​ដូចជា​អាល្លឺម៉ង់ និងបារាំង​ផងដែរ ដែលត្រូវតែ​បញ្ជាក់ឱ្យច្បាស់​ថា​ តើអ្វីទៅ​ជាបន្ទាត់ក្រហម​អ្វីទៅជា​ការឆ្លើយតប និងការទប់ស្កាត់​ដ៏រឹងមំា ខណៈយើង​ត្រូវតែ​ប្រាកដថា គោលនយោបាយ​របស់ពួកយើង​នឹងធ្វើសកម្មភាព​រហូតដល់​សកម្មភាព​នេះ (ការ Hack​ លទ្ធផល​បោះឆ្នោត) ដើរដល់ទី​បញ្ចប់»

គួរបញ្ជាក់ថាប្រទេសនៅអឺរ៉ុប ដែលនឹងត្រូវរៀបចំ​ការបោះឆ្នោត​នៅក្នុងឆ្នាំ២០១៧នេះ មានអាល្លឺម៉ង់ បារំាង និងហូឡង់៕