(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអំពាវនាវ​ដល់រដ្ឋាភិបា ​ប្រទេស​វេណេស៊ុយអេឡា​​នាយប់​ថ្ងៃ​ពុធ​​សប្តាហ៍​នេះ ឲ្យដោះលែងលោក Leopoldo Lopez ដែលជា​ប្រធាន​គណបក្សប្រឆាំង​ និងជាអ្នក​ទោស​នយោបាយ​នៅក្នុងប្រទេស​អាមេរិកខាងត្បូង​​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានសរសេរ​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Twitter យ៉ាងដូច្នេះថា «វេណាហ្ស៊ុយអេឡា គួរតែផ្តល់​ការអនុញ្ញាត​​ឲ្យ​លោក Leopoldo Lopez ដែលជា​អ្នកទោស​នយោបាយ​មួយរូប និងជាស្វាមី​របស់​លោកស្រី Lilian Tintori ដែលទើបតែ​បានចូលជួបជាមួយ​រូបខ្ញុំនោះ ចាកចេញពី​ពន្ធនាគារ​ភ្លាមៗទៅ»

គួរបញ្ជាក់ថា​លោក Leopoldo Lopez បច្ចុប្បន្ន​កំពុងទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល​១៤ឆ្នាំ ដោយសារ​ការធ្វើបាតុកម្ម​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដែលនាំឲ្យ​ឈានដល់​ការស្លាប់របស់​មនុស្ស​ចំនួន៤៣នាក់។ ដោយឡែកកាលពីថ្ងៃចន្ទសប្តាហ៍នេះ​ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃក្រសួង​រតនាគារ​ជាតិ​អាមេរិក បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​អនុប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​លោក Tareck El Aissami នៅក្រោម​ច្បាប់សហព័ន្ធ​ស្តីពីការរត់ពន្ធ​គ្រឿងញៀន​ថែមផង ហើយក្នុងថ្ងៃ​ដដែលនេះ​លោក ដូណាល់ ត្រាំ ក៏បានពិភាក្សា​គ្នាតាមទូរស័ព្ទ​​ជាមួយប្រធានាធិបតី​កូឡុំប៊ីលោក Juan Manuel Santos ស្តីពីបញ្ហា​សន្តិសុខ​នៅក្នុងប្រទេស​វេណេហ្ស៊ុយអេឡា​ផងដែរ៕