(ហ្សាការតា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីចំនួនពីរលើកផ្ទួនៗក្នុងថ្ងៃតែមួយ​បានវាយប្រហារ​ខេត្តអាសេ ភាគពាយ័ព្យប្រទេសឥណ្ឌូណេស៊ី ដែលជាតំបន់ធ្លាប់ទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​មួយផងដែរ​​កាលពី​ខែធ្នូ ឆ្នាំ២០១៦។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia ចេញផ្សាយ​នៅមុន​នេះ​បន្តិច នាព្រឹក​ថ្ងៃព្រហស្បតិ៍ តី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

គ្រោះរញ្ជួយដី​ទាំងពីរលើកខាងលើនេះ​ត្រូវបានទីភ្នាក់ងារ​ព្យាករណ៍​ភូមិសាស្ត្រអាមេរិក USGS រាយការណ៍ថា​មានកម្រិត ៥.១ រ៉ិចទ័រ និង ៥.៦រ៉ិចទ័រ ដែលជាកម្រិត​បង្គួរ។ មិនទាន់មាន​សេចក្តី​រាយការណ៍ណា​បញ្ជាក់ពីការខូចខាត ឬក៏មានមនុស្សរងគ្រោះ​ថ្នាក់ក្នុងគ្រោះធម្មជាតិ​នេះឡើយ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារតំបន់ Trianggadeng នៃខេត្តអាសេដដែលនេះ និងបានសម្លាប់មនុស្សជាង ១០០នាក់ ថែមទាំងងបំផ្លិចបំផ្លាញផ្ទះ និងអគារ​នានាសរុប ១១,០០០ខ្នងឯណោះ៕