(បាងកក)៖ រដ្ឋាភិបាលថៃបានឲ្យដឹងថា ខេត្តបីនៅភាគអាគ្នេយ៍ដែលនឹងត្រូវធ្វើការអភិវឌ្ឍ​ឲ្យមានសក្តានុពល​ខ្លាំងខាង​វិស័យ​ឧស្សាហកម្ម​​មាន​ដូចជា Chachoengsao (ឆាឈឹងសៅ), Chonburi (ឈុនបុរី), និង Rayong (រ៉ាក់យ៉ង) ដែលសុទ្ធសឹង​តែជាប់ខេត្ត Sa Kaeo (ស្រះកែវ) និង Chanathaburi (ច័ន្ទបុរី)។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ការអភិវឌ្ឍខាងលើនេះ គឺតាមរយៈការបង្កើតច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលគ្របដណ្តប់​លើផ្ទៃដី ១៣​,២៨៥ហិកតាស្ថិត​នៅ​ក្នុងខេត្ត​ទាំង​បី​​ខាង​លើ​ ហើយ​រដ្ឋាភិបាលថៃ​បានសម្រេចផ្តោតសំខាន់​ទៅលើការអភិវឌ្ឍ​នេះក្នុងគោលបំណង​ទាក់ទាញការបណ្តាក់ទុន​វិនិយោគ​ទៅកាន់ផ្នែក​ឧស្សាហកម្មដែល​ត្រូវបានជ្រើសរើស​ដូចជា យានយន្តជំនាន់ថ្មី, អេឡិចត្រូនិច, ជីវបច្ចេកវិទ្យា, ជីវឥន្ទនៈ, និងអាកាសចរណ៍​​ជា​ដើម។ល។

គួរបញ្ជាក់ថា​ដើម្បីធ្វើឲ្យ​វិនិយោគិនថៃ​ក៏ដូចជាអន្តរជាតិ​មានភាពជឿជាក់​ខ្ពស់ថា EEC ពិតជា​មានការ​ទាក់ទាញ​ហើយនឹង​ទទួលជោគជ័យ​​ប្រាកដ​មែននោះ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្មថៃលោក Uttama Savanayana ដែលជា​អ្នកទទួលបន្ទុក​គ្រប់គ្រងលើ​គំរោងនេះបាននិយាយ​ថា​ ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុងប្រទេស​នឹងត្រូវអភិវឌ្ឍន៍​បន្ថែម​ផងដែរ៕