(បាងកក)៖ ទាហាន និងប៉ូលិសថៃ​រាប់រយនាក់​នៅថ្ងៃព្រហស្បតិ៍នេះ បានចុះឡោមព័ទ្ធ​វត្តមួយ​កំពុងជាប់រឿង​អាស្រូវខ្លាំងក្លាបំផុតនៅក្នុងទីក្រុង​បាងកក ដើម្បី​ត្រៀមចុះឆែកឆេរ និងចាប់ព្រះសង្ឃមួយអង្គ​បន្ទាប់ពី​មេដឹកនាំ​យោធាថៃ ប្រើប្រាស់​អំណាចពិសេស​ក្នុងការដាក់​បញ្ចូលវត្តនេះ​ ឲ្យស្ថិតក្រោមការគ្រប់គ្រង​របស់យោធា។ នេះបើតាម​ការចញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។​

ល្បែងឆ្មាចាប់កណ្ដុររវាងក្រុមអ្នកស៊ើបអង្កេត និងវត្តដ៏មាន​ឥទ្ធិពល Dhammakaya បានចាប់ផ្ដើម​លេង​អស់រយៈពេលជាច្រើន​ខែ​មកហើយ ជុំវិញ​ការចោទប្រកាន់ថា​អតីតចៅ​អធិការ Phra Dhammachayo បានទទួលប្រាក់​ខុសច្បាប់​ជាង ១.២ពាន់លានបាត ឬស្មើនឹង៣៣ លានដុល្លារ​អាមេរិក​ពីម្ចាស់ធនាគារ​ម្នាក់ដែល​កំពុងជាប់ឃុំ។ ជុំវិញប្រតិបត្តិការ​នេះដែរ ខាងអាជ្ញាធរថៃ​បានបញ្ជាក់ថា «អនុឡោម​តាម​ការអនុវត្ដន៍​អំណាច​ពិសេស អាជ្ញាធរ​មានសិទ្ធិ​ហាមឃាត់​សាធារណជន​ចូលក្នុង​បរិវេណវត្ត ឬបណ្ដេញចេញ..... ឬក៏រុះរើ និងបំផ្លាញ​អាគារ​ចោលតែ​ម្ដង ដូច្នេះ​បើសិន ជានរណា​ម្នាក់​រារាំង​ ឬរំខានដល់​ការងារ​អាជ្ញាធរ​ក្នុងការអនុវត្តន៍​ច្បាប់នេះ នឹងត្រូវ​ប្រឈមមុខ​តាម​ផ្លូវច្បាប់ និងផាកពិន័យ​ជាប្រាក់​ជាដើម»

គួរបញ្ជាក់ថាបើតាមព្រះសង្ឃនៅវត្ត Dhammakaya ប៉ូលិសនិងទាហានថៃជាង ៤,០០០នាក់ បានឡោមព័ទ្ធវត្ត និងបានហាមមិន​ឱ្យសាធារណជន​ចូលក្នុងបរិវេណវត្តអារាមនេះទៀតផង៕