(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់ យ៉ុនហាប់ ដកស្រង់ពីបណ្តាញផ្សព្វផ្សាយរបស់អាមេរិក​​ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវ​ប្រទេសចិន​កាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោក​ត្រឡប់ទៅកូរ៉េខាង​ជើងវិញ។ នេះបើតាម​សារព័ត៌មាន​​យ៉ុនហាប់ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពដដែលបានបន្តទៀតថា មន្ត្រីដែលត្រូវបានបញ្ជូនមកចរចានេះ គឺជាអ្នកនាំពាក្យរបស់លោក គីម ជុងអ៊ុន ផ្ទាល់តែម្តង​ដោយសារតែរបបដឹកនាំកូរ៉េខាងជើង មានការព្រួយបារម្ភថាលោក គីម ជុងណាំ អាចរត់ទៅសុំ​ជ្រកកោណ​នៅកូរ៉េខាងត្បូង ឬមួយក៏សហរដ្ឋអាមេរិក ដូចមន្ត្រីទូតកូរ៉េខាងជើង​ដែលបានរត់ពី​ចក្រភពអង់គ្លេសទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ នោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ណាមួយ​អំពីអត្ថន័យស្នូលនៅក្នុងកិច្ចចរចាសម្ងាត់នោះឡើយ។

គួរបញ្ជាក់ថាលោក គីម ជុងណាំ ត្រូវបានគេបំពុល​ឲ្យស្លាប់នៅឯ​ព្រលានយន្តហោះអន្តរជាតិ​ទីក្រុងគូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​ប៉ូលិសម៉ាឡេស៊ី​បានចាប់ឃុំស្ត្រី​ជាជនសង្ស័យ​ចំនួនពីររូបរួចមក​ហើយ រហូតមក​ដល់​ថ្ងៃទី១៦ ខែកុម្ភៈនេះ ខណៈ​ការស៊ើបអង្កេត និងសួរចម្លើយ​យ៉ាងណានោះនៅ​មិនទាន់​មានការបញ្ជាក់​ពីអាជ្ញាធរ​ម៉ាឡេស៊ី​នៅឡើយទេ។ ដោយឡែក​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​សុទ្ធតែ​ជឿជាក់ថា របបដឹកនាំ​កូរ៉េខាងជើង គឺជាអ្នក​ដែលបានប្រព្រឹត្ត​រឿងឃាតកម្មលើសាច់​ឈាមឯងនេះ៕