(ម៉ូស្គូ)៖ មន្រ្តីយោធាជាន់​ខ្ពស់នៃប្រទេសរុស្ស៊ី​ និងសហរដ្ឋអាមេរិក​នឹងជួបពិភាក្សាគ្នា​នៅក្នុងទីក្រុង Baku នៃប្រទេស Azerbaijan នៅថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បីស្វែងរក​កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការពារជាតិរុស្ស៊ី ដែលត្រូវបាន​ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ខាងលើ លោក​ឧត្តមសេនីយ៍ Valery Gerasimov ប្រធាន​អគ្គសេនាធិការ​នៃកងទ័ពរុស្ស៊ី និងលោក Joseph Dunford ប្រធានអគ្គសេនាធិការ​ចម្រុះនៃកងទ័ព​សហរដ្ឋអាមេរិក នឹងធ្វើការ​ពិភាក្សាគ្នាអំពី​ស្ថានភាព​ក៏ដូចជាទិដ្ឋភាព​នៃកិច្ចសហប្រតិបត្តិការ​នា​បច្ចុប្បន្ន។ ម៉្យាងវិញទៀត​លោក​មេបញ្ជាកា​រយោធាទាំងពីររូប ត្រូវបាន​គេរំពឹងថា​នឹងរុករកមធ្យោធាយ​ដើម្បីទប់ស្កាត់​​ការកើតមានឡើង​​នៃ​ឧប្បត្តិហេតុ​​ផ្នែកយោធា​នានា និងផ្លាស់ប្តូរ​ទស្សនៈរវាងគ្នា​និងគ្នា​ស្តីពីស្ថានការណ៍​សន្តិសុខ នៅក្នុងតំបន់​កំពុងជម្លោះ​ផ្សេងៗទូទាំង​ពិភពលោក​។

នាថ្ងៃព្រហស្បតិ៍នេះ​ដែររដ្ឋមន្រ្តីការបរទេស​រុស្ស៊ីលោក Sergei Larov ក៏នឹងជួបជា​មួយរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson ផងដែរ​នៅក្នុងជំនួប​ផ្លូវការនៃ​កិច្ចប្រជុំ G20 ថ្នាក់រដ្ឋមន្រ្តី​ការបរទេស ក្នុងទីក្រុង Bonn នៃប្រទេស​អាល្លឺម៉ង់ ដើម្បីពិភាក្សា​អំពី​បញ្ហាទ្វេគីនិង​បញ្ហាក្នុងតំបន់។

គួរបញ្ជាក់ថា​ការព្យាយាម​បង្កើតទំនាក់ទំនង​ផ្នែកយោធា​ និងការទូតរវាង​ប្រទេសទាំងពីរ​នេះ​ត្រូវបានធ្វើ​ស្របពេល​ដែលហេតុការណ៍​ជាច្រើន​បានបន្ថែម​ភាពស្រពិចស្រពិល​ទៅលើសំណើ​នៃការប៉ុនប៉ង​បង្កើតទំនាក់​ទំនង​អាមេរិក-រុស្ស៊ី​ឡើងវិញ។ ដោយឡែក​នៅថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ​​ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិកលោក Michael Flynn បានសម្រេច​ចិត្ត​លាលែងពីតំណែង បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ជាច្រើន​ដែល​ថារូបលោក​បានភូទកុហក់​អំពីការសន្ទនា​ដោយសម្ងាត់​ អំពីទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ជាមួយឯកអគ្គរដ្ឋ​ទូតរុស្ស៊ី៕