(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​បោះបង់ចោល​ហើយ នូវគោល​នយោបាយ​របស់សហរដ្ឋអាមេរិក​រាប់​ទសវត្សរ៍មកនេះ នោះគឺដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល​ដោយលោកបានសន្យាថា​នឹងស្វែងរក​សន្តិភាព​សម្រាប់ភាគីជម្លោះទំាងពីរ ក៏ប៉ុន្តែ​លោកបញ្ជាក់ថា​នឹងគាំទ្រ​ដំណោះស្រាយរដ្ឋ​មួយ បើសិនជាវានាំ​ឆ្ពោះទៅរក​សន្តិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ លោក ដូណាល់ ត្រាំ បានប្ដេជ្ញាថា​លោកស្វែងរកកិច្ច​ព្រមព្រៀង​សន្តិភាពមួយ​ដ៏ធំអស្ចារ្យតែតម្រូវ​ឱ្យ​អ៊ីស្រាអែល និងប៉ាឡេស្ទីន​ត្រូវតែ​ព្រមព្រៀង ឬសម្រុះសម្រួលគ្នា​ជាមុនសិន។ លោក ត្រាំ បាន​លើកឡើង​ដូច្នេះថា «ខ្ញុំកំពុងសម្លឹង​មើល​ដំណោះស្រាយ​រដ្ឋពីរ ឬរដ្ឋមួយ ហើយខ្ញុំ​ចូលចិត្តអ្វី​ដែលភាគីទំាងពីរ​រើសយក (...) ខ្ញុំគិតថា​ដំណោះស្រាយរដ្ឋពីរ​គឺមានភាព​ងាយស្រួល ក៏ប៉ុន្តែនិយាយ​ដោយស្មោះត្រង់​ទាល់តែ​អ៊ីស្រាអែល និងប៉ាឡេស្ទីនពេញចិត្ត​ពោលគឺបើ​ពួកគេអាច រើសយកអ្វី​ដែលពួកគេចូលចិត្តដូចគ្នា​ខ្ញុំក៏សប្បាយ​ចិត្តដែរ»

គួរបញ្ជាក់ថា​អ៊ីស្រាអែល និងប៉ាឡេស្ទីន​មិនបានធ្វើកិច្ចចរចា​សន្តិភាពជាមួយគ្នា​តាំងតែពី​ឆ្នាំ២០១៤មកម្លេះ ខណៈបច្ចុប្បន្ន​អ៊ីស្រាអែល​កំពុងបង្កើន​សកម្មភាពអាណានិគម​ក្នុងតំបន់ West Bank ​ដែនដី​ប៉ាឡេស្ទីន តាមរយៈ​ការសាងសង់​លំនៅឋានបន្ថែម ៤,០០០ខ្នង​សម្រាប់​ជនជាតិ​ជី្វប​ហើយ​ជុំវិញបញ្ហា​នេះដែរ លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ីស្រាអែល​ដកសកម្មភាព​អាណានិគម​នេះត្រឡប់​មកវិញ៕