(គូឡាឡាំពួរ)៖ ស្ត្រីមកពីមីយ៉ាន់ម៉ា (ភូមា) ម្នាក់ត្រូវបាន​ប៉ូលិសម៉ាឡេស៊ី​ចាប់ និងឃុំខ្លួនជា​បណ្តោះអាសន្ន​ហើយ ដោយសង្ស័យថា​មានជាប់ពាក់ព័ន្ធ​នឹងការធ្វើឃាត​ដោយបំពុល ទៅលើបងប្រុស​មេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ ដែល​បានប្រព្រឹត្តទៅ​កាលពីថ្ងៃ១៣ ខែកុម្ភៈ នៅក្នុង​ប្រទេសម៉ាឡេស៊ី​​ផ្ទាល់តែម្តង។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច​ដោយ​សារព័ត៌មាន Channel News Asia នាល្ងាច​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមប្រភព​ដែលទទួលបាន​ពីទីភ្នាក់ងារ Reuters ខាងលើនេះឲ្យដឹង​ទៀតថា ស្ត្រីមក​ពីភូមាកំពុងជាប់ឃុំ​នៅក្នុងទីបញ្ជាការមួយកន្លែងក្នុងព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ ដែលស្ត្រីរូបនេះកាន់លិខិតឆ្លងដែនវៀតណាម។ នេះបើតាម​ការបញ្ជាក់ពី​មេបញ្ជាការរង​នៃប៉ូលិស​ស៊ើបអង្កេត។

សូមជំរាបថា កាលពីម្សិលមិញក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថា បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅម៉ាឡេស៊ី ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យ ចារកម្មស្រ្តី២នាក់របស់កូរ៉េខាងជើងសម្លាប់បងប្រុសរបស់ខ្លួនឯងឈ្មោះ គីម ជុងណាំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហាសម្លាប់កូនប្រុសច្បង នៃអតីតប្រធានាធិបតីកូរ៉េខាងជើង គឺម ជុងអ៉ីល នេះ រដ្ឋាភិបាលអាមេរិកជំនឿជឿជាក់ថា ភ្នាក់ងារចារកម្មកូរ៉េខាងជើង ជាអ្នកសម្លាប់លោក គឹម ជុងណាំ (Kim Jong Nam) នេះបើយោងតាមសម្តីមន្រ្តីរដ្ឋាភិបាលអាមេរិកថ្លែងប្រាប់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍នេះ។  

យោងតាម Reuters លោក គីម ជុងណំា (Kim Jong Nam) ជាកូនប្រុសច្បងនៃអតីតមេដឹកនាំកំពូលរបស់ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល (Kim Jon-il) ត្រូវបានគេសម្លាប់ នៅថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ជាទីដែល លោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវ នៅព្រឹក ថ្ងៃដដែល។ ដោយឡែកទាក់ទិននឹងព័ត៌មាននេះដែរ ស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun បានរាយការណ៍ថា លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកិច្ច កូរ៉េខាងជើងទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន ស្ត្រីទាំងពីរនាក់នេះកំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថា សារព័ត៌មានកូរ៉េខាងត្បូង ក៏ធ្លាប់បានរាយការណ៍ដែរថា លោក គីម ជុងណាំ ត្រូវបានគេប៉ុនប៉ងសម្លាប់មិនបានសម្រេចម្ដងរួចមកហើយ នៅក្នុង ទីក្រុងម៉ាកាវ។ មួយវិញទៀត នៅកាលណោះមានពាក្យចចាមអារ៉ាមជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់រូបលោក ដោយសារតែរឿងការ ជ្រើសតាំងមេដឹកនាំកូរ៉េខាងជើងថ្មី ជំនួសលោក គីម ជុងអ៊ីល តែទីភ្នាក់ងារចារកិច្ចចិន បានរារាំងការប៉ុនប៉ងធ្វើឃាតនេះទាន់ពេលវេលា៕